ភ្នំពេញ៖ នាម៉ោងព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងបានគូសបញ្ជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចញឹកញាប់របស់ថ្នាក់ដឹកនាំកំពូល ទាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីន។ ទន្ទឹមនឹងនេះ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏កំពុងបោះជំហានទៅមុខ រួមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនយ៉ាងសកម្ម ដែលក្នុងនោះហ្វីលីពីនបង្ហាញការចាប់អារម្មណ៍ខ្ពស់លើផលិតផលកសិកម្មរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្ត និងបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះវឌ្ឍនភាពនេះ ដោយសម្តេចបានចាត់ទុកថា «វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន»។ ជាមួយគ្នានេះ សម្តេចសង្ឃឹមថាការនាំចេញកសិផល ជាពិសេសគឺអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន នឹងបន្តកើនឡើង ព្រមទាំងបានជំរុញឱ្យមានការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីជម្រុញវិស័យទេសចរណ៍ និងចំណងមិត្តភាពប្រជាជនទាំងពីរ។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ ក៏បានពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជាថ្មីនូវជំហរដាច់ខាតរបស់កម្ពុជា គឺការប្រកាន់យកគោលការណ៍ដោះស្រាយដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។ ជាការឆ្លើយតប លោកជំទាវបានបញ្ជាក់ថា ក្នុងនាមហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងជួយជំរុញការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធីផងដែរ។ នាកិច្ចបញ្ចប់ សម្តេចតេជោ បានប្រសិទ្ធពរជ័យជូនលោកជំទាវអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់៕