រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈអំពីការចូលរួមផ្ទាល់ក្នុងយុទ្ធនាការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SME) ដោយរៀបចំកំណែទម្រង់ស៊ីជម្រៅលើនីតិវិធីចុះបញ្ជី និងការសម្រួលបរិយាកាសវិនិយោគក្នុងស្រុក។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកក្កដា សម្ដេចធិបតីបានគូសបញ្ជាក់ថា ដើម្បីឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសជំរុញការផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន។
កំណែទម្រង់គន្លឹះ ២ ចំណុចលើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកំណែទម្រង់សំខាន់ៗចំនួន២ រួមមាន៖
- ធ្វើវិសោធនកម្មច្បាប់ និងរៀបចំ CDC ឡើងវិញ៖ ធ្វើការវាយតម្លៃ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។
- បង្កើនប្រសិទ្ធភាព និងទម្ងន់ការងារអនុវត្ត៖ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងរៀបចំយន្តការ «ច្រកចេញ-ចូលតែមួយ»។
សម្ដេចធិបតីបានលើកឡើងពីចក្ខុវិស័យបែបឌីជីថលថា៖
«ឥឡូវនេះ មនុស្សកាន់ឯកសាររត់ទៅរកស្ថាប័ន ប៉ុន្តែបន្តិចទៀត អត់មានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ… មនុស្សមកតែមួយកន្លែងគត់ ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមបណ្ដាញ Online»។
ការប្ដេជ្ញាចិត្ត «មូរដៃអាវ» ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
ឆ្លើយតបនឹងមតិយោបល់របស់ប្រជាពលរដ្ឋ និងផ្នែកឯកជន សម្ដេចធិបតីបានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការជួយសម្រួលដល់សហគ្រិនក្នុងស្រុក៖
«ឥឡូវខ្ញុំមូរដៃអាវពីរ គឺដោះស្រាយរឿងព្រំដែន ហើយចូលវ៉ៃរឿង Scam តែឥឡូវរឿង SME នេះខ្ញុំមូរដៃអាវដែរហើយ… បើយើងគង់តែដោះ កុំចាំយូរ! ខ្ញុំនឹងចូលដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងារនេះ»។
សម្ដេចធិបតីក៏បានបន្ថែមថា ការ «មូរដៃអាវ» នេះ មិនមែនទៅធ្វើការជំនួសក្រសួង-ស្ថាប័ននោះទេ ប៉ុន្តែគឺដើម្បីជួយតម្រង់ទិស ជំរុញការងារ និងរៀបចំឱ្យមានអង្គភាពសម្របសម្រួលរួមមួយ ដែលអាចស្ថិតនៅក្រោម CDC ឬស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាការងារដំណើរការទៅដោយរលូន។
បញ្ជាដាច់ខាត៖ កាត់បន្ថយការសុំច្បាប់ច្រើនកន្លែង និងបង្ក្រាបទំនិញក្លែងក្លាយ
យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចធិបតីបានណែនាំឱ្យគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ៖
- សម្រួលនីតិវិធីចុះបញ្ជី៖ ធ្វើការសហការគ្នារវាងស្ថាប័ន និងស្ថាប័ន ដើម្បីកាត់បន្ថយដំណាក់កាលដែលតម្រូវឱ្យសហគ្រិនទៅសុំច្បាប់ច្រើនកន្លែង។
- ការពារទីផ្សារក្នុងស្រុក៖ បង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំង និងបង្ក្រាបផលិតផលក្លែងក្លាយ ដើម្បីការពារផលប្រយោជន៍ និងទំនុកចិត្តរបស់អាជីវករក្នុងស្រុក។
សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ចុងក្រោយថា សម្ដេចនឹងតាមដានវឌ្ឍនភាពនៃការងារកំណែទម្រង់ SME នេះដោយផ្ទាល់ ដើម្បីធានាឱ្យបាននូវលទ្ធផលជាវិជ្ជមាន និងទាន់ពេលវេលា៕
