ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការឡើងវិញអំពីត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit» ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សន្និសីទថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញលើកទី៤៧ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស និងប្រតិភូតំណាងមកពីប្រទេសជាសមាជិកទាំង ៥៣។ វគ្គពិភាក្សាធំៗនៃកិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការវាយតម្លៃចំពោះបេក្ខជនឈរឈ្មោះជា អគ្គលេខាធិការ OIF អាណត្តិថ្មី ដោយក្រុមប្រតិភូបានរៀបចំជាអនុសាសន៍គន្លឹះៗ មុននឹងដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលធ្វើការសម្រេចចិត្តជ្រើសរើសជាចុងក្រោយ។
នៅក្នុងឱកាសថ្លែងសុន្ទរកថា ស្តីពីវឌ្ឍនភាពនៃការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតជាប្រវត្តិសាស្ត្រមួយនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះរាល់ប្រតិភូអន្តរជាតិទាំងអស់ ហើយកំពុងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក OIF និងដៃគូពាក់ព័ន្ធ ដើម្បីធានាថា កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅដោយរលូន ផ្តល់លទ្ធផលជាផ្លែផ្កា និងសម្រេចបានជោគជ័យយ៉ាងធំធេង។
នៅល្ងាចថ្ងៃដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរៀបចំពិធីលាងសាយភោជន៍ទទទួលស្វាគមន៍ប្រតិភូនៃសន្និសីទ នៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង ដែលនេះសបញ្ជាក់ឱ្យឃើញពីបដិសណ្ឋារកិច្ចដ៏ទន់ភ្លន់របស់កម្ពុជា និងការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូន មុនឈានជើងចូលដល់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនាចុងឆ្នាំនេះ៕