ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសាមគ្គីនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លឿង តាមក្វាង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម។ សម្តេចតេជោ ក៏បានអបអរសាទរចំពោះភាគីពាក់ព័ន្ធទាំងអស់ ចំពោះជោគជ័យ និងលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំត្រីភាគីនេះផងដែរ។
នៅក្នុងជំនួបនោះ ឯកឧត្តម លឿង តាមក្វាង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងបានកត់សម្គាល់ថា ជោគជ័យនៃកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនេះ បានឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំរវាង កម្ពុជា ឡាវ និងវៀតណាម ជាពិសេសទំនាក់ទំនងប្រពៃណីដ៏យូរអង្វែងរវាង កម្ពុជា និងវៀតណាម។
រដ្ឋមន្ត្រីវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នា ហើយគួរតែបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខ ដែលឯកឧត្តមចាត់ទុកថាជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការធានាសន្តិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិទាំងពីរ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការការពារមិនឱ្យមានក្រុមណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសមួយទៀតឡើយ ដោយកត់សម្គាល់ថា កម្ពុជា ឡាវ និងវៀតណាម បានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះមតិលើកឡើងនេះ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាដាច់ខាតមិនឱ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីវៀតណាមប្រឆាំងនឹងកម្ពុជា ឬប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងវៀតណាមឡើយ។ សម្តេចតេជោ បានរំលេចថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ គឺជារឿងចាំបាច់បំផុត ដើម្បីទប់ស្កាត់ស្ថានភាពបែបនេះកុំឱ្យកើតមានឡើង។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យបន្តកិច្ចសហប្រតិបត្តិការជាប្រចាំក្នុងការការពារសន្តិសុខ និងរក្សាព្រំដែនឱ្យក្លាយជាខ្សែបន្ទាត់ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិបុលភាពទៅវិញទៅមក។
លើសពីនេះទៅទៀត សម្តេចតេជោ បានសង្កត់ធ្ងន់លើការចាំបាច់ដែលប្រទេសទាំងពីរត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការបំភ្លៃការពិត (Disinformation and Fake News) ដែលមានបំណងអាក្រក់ចង់បំផ្លិចបំផ្លាញ និងបំបែកបំបាក់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម៕