«ស្នាមញញឹមខ្មែរ»៖ ព្រះរាជសារសន្តិភាពពីកម្ពុជាទៅកាន់ពិភពលោក ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជសុន្ទរកថារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវព្រះរាជសារដ៏មានអត្ថន័យអំពីសន្តិភាព ការបង្រួបបង្រួមជាតិ ការគោរពគ្នា និងការអត់ឱន។ ក្នុងចំណោមព្រះរាជសារសំខាន់ៗទាំងនេះ «ស្នាមញញឹមខ្មែរ» បានក្លាយជារូបភាពតំណាងឱ្យស្មារតីសន្តិភាព និងមិត្តភាពរបស់ប្រជាជនកម្ពុជា ដែលព្រះមហាក្សត្របានមានព្រះរាជបន្ទូលអញ្ជើញគណៈប្រតិភូអន្តរជាតិទាំងអស់ នាំយកទៅជាមួយត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ សន្តិភាពជាមូលដ្ឋាននៃវិបុលភាព និងការរស់ឡើងវិញរបស់ជាតិ ក្នុងព្រះរាជសុន្ទរកថាបើកជាផ្លូវការនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រ បានសង្កត់ធ្ងន់លើតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងការអភិវឌ្ឍដែលផ្អែកលើការបង្រួបបង្រួមជាតិ និងស្មារតីអហិង្សា។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ប្រវត្តិសាស្ត្ររបស់យើងបានបង្រៀនយើងថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាព»។ ព្រះរាជបន្ទូលនេះបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងអត្ថន័យនៃការបន្តកសាងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ សម្រាប់កម្ពុជា ការរក្សាសន្តិភាពមិនមែនគ្រាន់តែជាការធានាឱ្យសង្គមគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតលក្ខខណ្ឌឱ្យប្រជាជនអាចរស់នៅប្រកបដោយសុខដុមរមនា សិក្សារៀនសូត្រ ប្រកបមុខរបរ ថែរក្សាវប្បធម៌ និងចូលរួមកសាងអនាគតប្រទេសជាតិ។ ព្រះមហាក្សត្រក៏បានសម្តែងព្រះរាជសង្ឃឹមថា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្តីសម្រេច និងសេចក្តីអំពាវនាវនានា ដែលនឹងត្រូវដាក់ឈ្មោះតាមរាជធានីនៃប្រទេសកម្ពុជា នឹងប្រែក្លាយទៅជាការប្តេជ្ញាចិត្តជាក់ស្តែង និងសកម្មភាពប្រកបដោយនិរន្តរភាព។ ជាពិសេស ព្រះអង្គបានសង្កត់ធ្ងន់លើការផ្តល់តួនាទីពេញលេញដល់ស្ត្រី និងយុវជន ក្នុងដំណើរការសម្រេចចិត្ត និងការកសាងសន្តិភាព ដើម្បីរួមចំណែកធានាឱ្យសន្តិភាពមានភាពរឹងមាំ … Read more