ភ្នំពេញ៖ ក្រុមហ៊ុន Unilever ដែលជាក្រុមហ៊ុនទំនិញប្រើប្រាស់ និងវេចខ្ចប់ពហុជាតិខ្នាតយក្ស មានស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ បានប្រកាសពីផែនការយុទ្ធសាស្ត្រក្នុងការបង្កើតខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងវត្តមានទីផ្សារ និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។
ផែនការអនុវត្តការពង្រីកខ្លួននេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងជំនួបសម្តែងការគួរសម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក Ali Tariq អគ្គនាយកប្រចាំតំបន់របស់ក្រុមហ៊ុន Unilever ទទួលបន្ទុកប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្រុមហ៊ុន Unilever មានគោលដៅផ្លាស់ប្តូរការវិនិយោគពីការនាំចូលផលិតផលសម្រេចសុទ្ធសាធ មកជាការបង្កើតខ្សែច្រវាក់ផលិតកម្មផ្ទាល់នៅក្នុងប្រទេសកម្ពុជាវិញ ដែលនេះជាការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនជម្រើសផលិតផលក្នុងស្រុកឱ្យកាន់តែសម្បូរបែប។
ជាការឆ្លើយតប លោកជំទាវ ចម និម្មល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រវត្តិប្រតិបត្តិការអាជីវកម្មប្រកបដោយផ្លែផ្ការបស់ក្រុមហ៊ុន Unilever អស់រយៈពេល ២៣ឆ្នាំមកនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានរួមចំណែកយ៉ាងរឹងមាំក្នុងការលើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់តាមរយៈទំនិញដែលមានគុណភាពខ្ពស់។
នៅក្នុងឱកាសនោះដែរ លោក Ali Tariq បានជម្រាបជូនក្រសួងអំពីវឌ្ឍនភាព វាយតម្លៃសមិទ្ធផលចុងក្រោយ និងភាពបត់បែនរបស់ក្រុមហ៊ុនក្នុងការធ្វើពិពិធកម្មប្រភពនាំចូល ដើម្បីឱ្យទាន់ការវិវត្តយ៉ាងរហ័សនៃទីផ្សារកម្ពុជា។
ទន្ទឹមនឹងនេះ លោកជំទាវ ចម និម្មល បានបញ្ជាក់ឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាង និងលើកកម្ពស់បរិយាកាសវិនិយោគឱ្យកាន់តែមានភាពអំណោយផល ថ្លា និងអាចព្យាករណ៍បាន។
លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
«ក្រសួងនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាឱ្យបានម៉ឺងម៉ាត់ ជម្រុញភាពប្រកួតប្រជែងទីផ្សារ និងធានាឱ្យបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌ និងស្មើភាពសម្រាប់គ្រប់សហគ្រាសពាណិជ្ជកម្មទាំ
លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការផ្លាស់ប្តូរទិសដៅរបស់ក្រុមហ៊ុន Unilever ឆ្ពោះទៅរកការផលិតផ្ទាល់ក្នុងស្រុក នឹងក្លាយជាកាតាលីករជម្រុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុក ព្រមទាំងផ្តល់ឱ្យអ្នកប្រើប្រាស់កម្ពុជានូវជម្រើសផលិតផលកាន់តែសម្បូរបែប និងមានតម្លៃសមរម្យ៕
