អាជ្ញាធរ និងមន្រ្តីជំនាញ ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍ជាង១០០គ្រឿង នៅស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍

គោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋចំនួន១១៣គ្រឿង នៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធស្រុកគូលែន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបិទស្ទីគឃ័រចំណាំងផ្លាត ដើម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុនៅតាមដងផ្លូវ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា ក្រុមការងាររបស់មន្ទីរចំនួន៣រូប ដឹកនាំដោយ លោក ហ៊ាង ណារ៉ា ប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ សហការជាមួយអាជ្ញាធរស្រុក កម្លាំងនគរបាលចរាចរណ៍ស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក ស.ស.យ.ក ស្រុក ចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រ ចំណាំងផ្លាតលើ គោយន្តកន្ត្រៃយ៍ចំនួន ១១៣គ្រឿង ស្ថិតក្នុងបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា អនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត តែងបានធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយ តាមរយៈការបើកវគ្គអប់រំខ្លីៗ ការចុះតាមទីតាំងយានដ្ឋានជួសជុលរថយន្ត ទីតាំងរថយន្តឈ្នួល តាមសាលារៀន និងតាមទីប្រជុំជននានា តាម ក្រុង ស្រុក ក្នុងខេត្ត ក្នុងទិសដៅផ្សព្វផ្សាយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីយល់ជ្រួតជ្រាបនឹងមានវិធានការការពារគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតឡើងនៅតាមដងផ្លូវ។

ជាមួយគ្នានេះ លោក សំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់គោយន្តកន្ត្រៃយ៍ទាំងអស់ សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយស្មារតី ទទួលខុសត្រូវ មុនពេលបត់ឆ្វេង ឬបត់ស្ដាំ ត្រូវឱ្យសញ្ញាជាដំណឹងយ៉ាងតិច ២០ម៉ែត្រ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ក្រុមការងារក៏បានប្រគល់ជូនឯកសារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍រួមមាន៖

*សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២០០ក្បាល
*ខិត្តបណ្ណប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ចំនួន ២០០សន្លឹក
*ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពកំណត់ទំហំទ្រុងរថយន្ត និងកំណត់ទំហំផ្ទុកទំនិញ ចំនួន ១០សន្លឹក
*ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ ចំនួន ១០សន្លឹក
*ស្ទីកឃ័រចំណាំងផ្លាត(ពណ៍ក្រហម) ចំនួន ៦០០សន្លឹក៕