សេតវិមាន៖ កូរ៉េខាងជើង លក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថាកូរ៉េខាងជើងបានលក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី វ៉េដនឺ (Wagner) ខណៈទីក្រុងមូស្គូកំពុងព្យាយាមស្វែងរកការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួន ក្នុងនោះរួមមានទាំងអ៉ីរ៉ង់ផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក នឹងបង្កើនការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Wagner បន្ទាប់ពីការលក់អាវុធរបស់កូរ៉េខាងជើងឱ្យក្រុមហ៊ុនមួយនេះនូវគ្រាប់រ៉ុក្កែត និងមីស៊ីលកាលពីខែវិច្ឆិកា កន្លងទៅ ដែលជាទង្វើបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN»។ លោក ឃឺប៊ី បន្ដទៀតថា «ក្រុមហ៊ុន Wagner កំពុងស្វែងរកទិញអាវុធនៅជុំវិញ ពិភពលោកដើម្បីផ្គត់ផ្គង់ដល់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន…ហើយយើងអាចបញ្ជាក់បានថាកូរ៉េខាងជើង បានលក់អាវុធជាលើកដំបូងឱ្យក្រុមហ៊ុន Wagner»។

បើតាមលោក ចន ឃឺប៊ី (John Kirby) ក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលកំពុងដឹកនាំប្រតិបត្តិការយោធាដ៏បង្ហូរឈាម នៅក្នុង ទីក្រុង​ បាកមូត (Bakhmut) ប្រទេសអ៊ុយក្រែន​ បាន និងកំពុងចំណាយលុយជាង ១០០លានដុល្លារក្នុងមួយខែ សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅអ៊ុយក្រែន៕