តៃវ៉ាន់៖ យន្តហោះចម្បាំងចិន ៤៣គ្រឿង ហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃច្រកសមុទ្រតៃវ៉ាន់

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៤៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខណៈទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធានៅក្បែរដែនកោះតៃវ៉ាន់។

យោងតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះកងទ័ពចិនអាកាសចិន បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ រីឯនាវាកងទ័ពជើងទឹកចិនចំនួន ៧គ្រឿងក៏ត្រូវបានប្រទះឃើញនៅជិតកោះតៃវ៉ាន់ផងដែរ។

ក្រោយមកតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ប្រដេញយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលតាមឃ្លាំមើលការហោះហើរនៃយន្ដហោះចម្បាំងទាំងនេះ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រទេសចិនបានប្រកាសថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្កហេតុពីកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។

សមយុទ្ធនេះមានការចូលរួមពីយន្ដហោះចម្បាំង ៧១គ្រឿង។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចិន បានបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរដែនកោះតៃវ៉ាន់។រដ្ឋាភិបាលទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួនប្រសិនបើមានការវាយប្រហារណាមួយ៕