អេហ្ស៊ីប និង​ទួរគី តែងតាំង​ឯកអគ្គ​រដ្ឋទូត ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត

ក្រសួង​ការបរទេស​របស់​ប្រទេស​អេហ្ស៊ីប និង​ទួរគី បាន​ប្រកាស នៅ​ថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ថា ប្រទេស​ទាំង២ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​រដ្ឋធានី​របស់​ខ្លួន​ទៅវិញទៅមក​ជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ធម្មតា​ឡើងវិញ​។

ការពិគ្រោះ​យោបល់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស នៅ​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០២១ ខណៈ​ដែល​ប្រទេស​ទួរគី​បាន​ស្វះស្វែង​រក​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អេហ្ស៊ីប អារ៉ាប់រួម អ៊ីស្រាអែល និង​អារ៉ាប៊ីសាអ៊ូឌីត​។

ការ​ធ្វើឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ រវាង​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ ត្រូវ​បាន​ពន្លឿន បន្ទាប់ពី​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi និង​សម​ភាគី​ទួរគី​លោក Tayyip Erdogan បាន​ចាប់ដៃ​គ្នា​នៅ​ទីក្រុង​ដូហា​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ២០២២​។ លោក Sisi និង​លោក Erdogan បាន​យល់ព្រម​ផ្លាស់​ប្តូរ​ឯកអគ្គ​រដ្ឋទូត នៅក្នុង​ខែឧសភា​។

ប្រទេស​ទាំង២ មិន​មាន​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​ប្រទេស​រៀង​ៗ​ខ្លួន ចាប់តាំងពី​ឆ្នាំ២០១៣ នៅពេល​ដែល​ប្រទេស​អេហ្ស៊ីប​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​ទួរគី ហើយ​បាន​ចោទប្រកាន់​ទីក្រុង​អង់ការ៉ា​ថា លម្អៀង​ទៅ​រក​គាំទ្រ​អង្គការ​ដែល​ធ្វើឲ្យ​អន្តរាយ​ដល់​ប្រទេស​អេហ្ស៊ីប​៕

Previous Article