កម្ពុជា-ថៃ លើកយកបញ្ហាធំៗចំនួន៥ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍មកជជែកពិភាក្សា

ភ្នំពេញ៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបលោក Yuthasak Supasorn ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ ដើម្បីជជែកស្វែងរកកិច្ចសហប្រតិការ និងការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា និងថៃ។

លោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ / លោក Yuthasak Supasorn ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ
លោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ / លោក Yuthasak Supasorn ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ

ក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងដែរថា ការតភ្ជាប់តាមផ្លូវគោក ផ្លូវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប និងផ្លូវទឹក ដែលអាចធ្វើដំណើរពីហួហ៊ីន ប៉ាតាយ៉ា កោះឆាង មកកម្ពុជាឆ្លងកាត់ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុជាដើម នឹងជាការរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងភាគីថៃ បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងចែករំលែកនូវវិធីសាស្រ្តសំខាន់ៗ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ លើ៥ចំណុចមកពិភាក្សាផងដែរ។

បញ្ហាដែលបានលើកមកជជែកនោះរួមមាន៖

១៖ ការសិក្សាលម្អិតអំពីគម្រោង Sandbox របស់ប្រទេសថៃ
២៖ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការធ្វើទិដ្ឋាការទេសចរណ៍សម្រាប់ប្រទេសកម្ពុជា-ថៃ
៣៖ សិក្សាពីអត្ថប្រយោជន៍ប្រព័ន្ធ Blockchain (Cryptocurrency) ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា-ថៃ
៤៖ សិក្សាបង្កើតស៊ីមកាតទេសចរណ៍តែមួយ អាចប្រើប្រាស់បានទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃ
៥៖ ការសិក្សាអំពីលទ្ធភាពបើកវិស័យទេសចរណ៍ឡើងវិញតាមរយៈយន្តការ Travel Bubble ដោយប្រើប្រាស់ទិដ្ឋាការតែមួយ ទេសចរណ៍ពីរប្រទេស៕