ក្រសួងសាធារណការ៖ គ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះមហន្តរាយមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពជាសាធារណៈ

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរា ចរណ៍ គឺជាគ្រោះមហន្តរាយមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពជាសាធារណៈ ដោយសារតែការបាត់បង់អាយុជីវិត កាយសម្បទា និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ ពីព្រោះថាមនុស្សគ្រប់រូបចាំបាច់ត្រូវធ្វើចរាចរណ៍ដើម្បីជីវភាពរស់នៅមិនអាចចៀសវាងបាន។

លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការនិងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” កាលពីថ្ងៃ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថៃ្ងពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរអំពីគោលបំណងនៃការពិភាក្សាលើប្រធានបទក្នុងកម្មវិធី រួមគ្នាធ្វើយ៉ាងណាដើម្បីអនុវត្តឱ្យបាននូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារ ថែរក្សាអាយុជីវិត កាយសម្បទា និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ តាមរយៈការចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវឱ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវទាំងអស់ ធ្វើការឈ្វេងយល់ពីកត្តាបង្កគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលបាត់បង់អាយុជីវិត កាយសម្បទា ទ្រព្យសម្បត្តិរបស់គ្រួសារ និងរបស់រដ្ឋ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន គ្រប់ៗគ្នា និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមបញ្ចេញមតិយោបល់ និងទិតៀនក្នុងន័យស្ថាបនានៅក្នុងកម្មវិធីនេះ។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយប្រកប ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រាច្បាប់ និងបទប្បញ្ញត្តិដែលមានចែង ដោយភាគច្រើនពួកគាត់បានសួរពាក់ព័ន្ធទៅនឹងសិទ្ធិក្នុងការបើកបរយានយន្ត ស្ថាប័នដែលមានសមត្ថកិច្ចគ្រប់គ្រង ផ្លូវថ្នល់ ការកំណត់ល្បឿន និងបញ្ហាស្តុបដែលបំពាក់នៅលើដងផ្លូវ និងបានលើកឡើងអំពីវិធានការនានាក្នុងការឆ្លើយតបទៅនឹងភាពអសកម្មភាពមួយចំនួន សំដៅធានាដល់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដាក់ដំណើរការជាផ្លូវការ ក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព សមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សាភ្ជាប់ទំនាក់ទំនង ជាមួយបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕