សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៦ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យការចែកចាយវ៉ាក់សាំង និង ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកប ដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល

ជាមួយគ្នានោះផងដែរ សម្ដេចតេជោក៏បានស្នើឱ្យប្រទេសទាំងអស់រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ធ្វើជារបៀបវារៈនយោបាយ ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ នៅតែជាក្តីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូចនេះ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ។

សម្តេចតេជោបានបន្តថា ដើម្បីពន្លឿនការស្តារសង្គម-សេដ្ឋកិច្ច យើងត្រូវបន្តធានាឱ្យបាននូវដំណើរការខ្សែច្រវាក់ផលិតកម្ម និង ការផ្គត់ផ្គង និង ពាណិជ្ជកម្មឆ្លងដែន ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើរឆ្លងដែនឡើងវិញ ។

កម្ពុជាសូមអបអរចំពោះការដាក់ចេញនូវសេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរណ៍ និង សេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីការស្តារឡើងវិញប្រកបដោយចីរភាព និងបៃតង ។

សម្តេចតេជោ បានបន្តទៀតថា ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងផែនការសកម្ម ភាពថ្មី ឆ្នាំ ២០២៣-២០២៧, កម្ពុជាយល់ថា គួរផ្តោតលើកិច្ចសហការក្នុងវិស័យអាទិភាពចំនួន ៤ ស្របតាមនិន្នាការសកល រួមមាន (១).ការពង្រឹងសន្តិសុខផ្នែកសុខភាពសាធារណៈ(២).ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ,តូច និង មធ្យម (MSMEs); (៣).ការជំរុញ និង ការពង្រឹងកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្ម និងសេដ្ឋ កិច្ចឌីជីថល; និង(៤). ថាម ពលប្រកបដោយចីរភាព ។

បន្ថែមពីនោះទៀត កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព, ស្ថិរភាព និង គ្មានអាវុធនុយ ក្លេអ៊ែរ ។ លើមូលដ្ឋាននេះ, កម្ពុជាសូមអំពាវនាវសូមឱ្យ រាល់គំនិតផ្តួចផ្តើម រួមទាំងសម្ព័ន្ធភាពយោធាដែលនឹងត្រូវបានដាក់ចេញដោយប្រទេសអាស៊ីបូព៌ា គោរពមជ្ឈភាពអាស៊ាន, បំពេញបន្ថែមនូវយន្តការដែលមានស្រាប់ និង ឈរលើការគោរពគ្នា និង ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ដើម្បីរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និង វិបុល ភាពក្នុងតំបន់ ៕