សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចាប់ផ្ដើមដំណើរការឡើងវិញចាប់ថ្ងៃនេះ និងជិះអត់គិតថ្លៃ ៦ថ្ងៃ

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករបានដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះទៅ ។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវា ចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។

លក្ខខណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនិងអាល់កុល វ៉ាស់កម្ដៅ ស្កេន QR-Code និង អង្គុយតាមកៅអី ដែលបានរៀបចំ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តនូវ សេចក្ដីជូន ដំណឹងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។

ខ្សែរត់រួមមាន៖ ១- រថយន្តក្រុង – ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ ។ – ខ្សែទី២ ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្ត័ក្រុង ស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ – ខ្សែទី៣ ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ -ខ្សែទី៤ A-ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ – ខ្សែទី៤ B-ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។ ២- កាណូតៈ ចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ៕