កម្ពុជាទទួលបានហិរញ្ញប្បទានជាង ២៣លានដុល្លារពីបារាំងដើម្បីស្ដារ និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក FABRICE Έtienne លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២១នេះ បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានដូចខាងក្រោម៖

០១) កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ (Water Resources Management and Agro-ecological Transition for Cambodia Program Phase 1-WAT4CAM) មានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាម៉េរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តដែលបានខូចខាតដោយសារគ្រោះទឹកជំនន់។

០២) កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ (ប្រមាណ ៣៤៦ ៨០០ ដុល្លារអាម៉េរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងស្តារឡើងវិញស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) ក្នុងខេត្តបន្ទាយមានជ័យ៕