ជាតិជាកូនកសិករ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋ

តាកែវ៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានដឹកនាំឧត្តមភរិយាមន្ដ្រីថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។

ជាមួយស្នាមញញឹមដ៏ពព្រាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត បានរួមគ្នាចុះស្រែច្រូតស្រូវអស់ជាច្រើនស្រែដោយក្តីរីករាយ និងហាក់គ្មានការនឿយហត់អ្វីឡើយ។ ថ្វីដ្បិតតែសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឧត្ដមភរិយាថ្នាក់ដឹកនាំកំពូលរបស់ជាតិ តែសម្តេចជាកុលស្ត្រីមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងជីវភាពជាកសិករ ស្រលាញ់ការដាំដុះបន្លែផ្លែឈើ និងធ្វើស្រូវស្រែ។

ការចុះជួយច្រូតស្រូវរបស់ប្រជាកសិករពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំជាតិនាព្រឹកមិញនេះ បានរួមចំណែកសម្រាលនូវការលំបាកមួយចំនួនសម្រាប់ប្រជាកសិករផងដែរ។ ប្រជាកសិករ បានសម្តែងនូវក្តីរំភើបរីករាយ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលនៅតែផ្សារភ្ជាប់ជីវិតជាមួយកសិករ។ កាយវិការនេះ គឺជាលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តប្រឹងប្រែងក្នុងការដាំដុះ ធ្វើស្រែចម្ការ ដែលជាប្រភពទ្រទ្រង់ស្បៀងដ៏សំខាន់សម្រាប់កម្ពុជា។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១-២០២២ មានផ្ទៃដីចំនួន ៦៧,៩៤១ហិកតា ហើយផ្ទៃដីច្រូតកាត់បានចំនួន ៦៧,៩៤១ហិកតា ស្មើ ១០០%។ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រូវប្រមាណ ៨៦២,៤១៨តោន ត្រូវបាននាំចេញទៅប្រទេសជិតខាង៕