សម្តេចពិជ័យសេនា ទៀ បាញ់៖ «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពតំបន់ អាស៊ីអាគ្នេយ៍»

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពតំបន់ អាស៊ីអាគ្នេយ៍»។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា បើសិនណាមិនមានសន្តិភាព និងស្ថិរ ភាពនោះទេ ប្រទេសនៅក្នុងតំបន់ក៏ ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍ និងវិបុលភាព នោះដែរ ខណៈដែលការប្រកួត ប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់ អាស៊ានត្រូវតែធ្វើការពង្រឹង ប្រពៃណី នៃការធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយនឹងដៃគូខាងក្រៅ ដោយផ្អែកលើការ ឯកភាពខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាន។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀង សន្ដិសុខត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលជាការចែករំលែក បច្ចេកវិទ្យា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ សម្ព័ន្ធភាព ត្រីភាគី AUKUS ត្រូវបានគេដឹងថា គឺជាចំណងមេត្រីភាពមួយ ដែលបានបង្កើតឡើង ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕