កម្ពុជា-ជប៉ុន កំពុងជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នាបន្ថែម ក្រោមលក្ខខណ្ឌទេសចរវ៉ាក់សាំង

ភ្នំពេញ៖ ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាជាមួយនឹងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានពិភាក្សាបន្ថែមជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ថានឹងជំរុញការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេសសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។ ក្នុងករណីការធ្វើដំណើរមកកាន់សៀមរាបហើយ អាចបន្តធ្វើដំណើរបានដោយទូលំទូលាយទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតដែលបានកំណត់៕