សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។

ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ។គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ១០:០០នាទីព្រឹក ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

Previous Article
Next Article