ឯកឧត្ដម ខៀវ កាញារីទ្ធ៖ ក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មានឱ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មានឱ្យបានគ្រប់ទាំងអស់

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មានឱ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន ឱ្យបានគ្រប់ទាំងអស់។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបិទសិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន” ដែលរៀបចំ ឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ រួមមាន ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្ដស្វាយរៀង កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ដើម្បីជាការឆ្លើយតបឱ្យថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែរឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តងម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជាប្រសិទ្ធិភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ព័ន្ធទៅនឹងវិជ្ជាបុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយក្នុងនោះ គឺជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញ-ចូលតែមួយ។

ទន្ទឹមនេះ ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មានម្នាក់ទៀតចូលរួមក្នុងកិច្ចការងារការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៍ ហើយបញ្ជូនទៅផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយណាខ្លះ បានទាន់ពេលវេលា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា មន្រ្តីព័ត៌មាន ត្រូវយល់ឱ្យច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន ។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហកឱ្យសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញដល់មន្រ្តី គ្រប់ផ្នែកត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការជាមួយមន្ទីរជុំវិញខេត្ត ទើបធ្វើឱ្យរាល់កិច្ច ការងារប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។

តាមរបាយការណ៍បូកសរុបដែលលើកឡើងដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា សម្រាប់ពេល២ថ្ងៃ នៃសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួន១៨០នាក់ ដែលជាមន្រ្តីមកពីបណ្តាមន្ទីរជំនាញជុំវិញខេត្តចំនួន៤ មកទទួលយកនូវការចែករំលែកនូវទស្សនទានយន្តការយុទ្ធសាស្ត្រ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃ វិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ ឯកឧត្តមបានបន្ដថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺជាកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរ វិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើត បាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។ ឯកឧត្ដមបានបន្ដទៀតថា សកម្មភាពនេះ គឺជាការចូលរួមអនុវត្តន៍ជាក់ស្តែងនូវស្មារតី និងខ្លឹមសារនៃ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានស្តីពី “តួនាទី ភារកិច្ច របស់មន្ត្រីទទួលបន្ទុកព័ត៌មាន រដ្ឋបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១២។

ឯកឧត្ដមបានបន្ថែមថា នេះជាកញ្ចក់ឆ្លុះបញ្ចាំង នូវការរួមចំណែកអនុវត្តន៍នយោបាយ កែទម្រង់ មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូល ដ្ឋានផ្ទាល់ក្នុងការសន្ទនាឆ្លើយឆ្លង និងផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាព នៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅ តាមមូលដ្ឋាន ទាំងដោយផ្ទាល់តាមវេទិកាសាធារណៈ ឬវេទិកាសន្ទនាមតិដោយប្រយោលតាមរលក អាកាស ដែលមានមន្ទីរ ជំនាញចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិ សាធារណ: ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាព រវាងរាស្រ្ត និងរដ្ឋ ដែល ចាប់ផ្តើមពីមូលដ្ឋាន មកថ្នាក់ជាតិ ។

ក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា តួនាទី និងការទទួលខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹង ពង្រីកសមត្ថភាពឱ្យទាន់សភាពការណ៍ការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា រួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គម ជាតិ មាតុភូមិ រក្សាបាននូវសុខសន្តិភាព និងការចម្រើនឡើងថែមទៀត៕

Previous Article
Next Article