ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ភ្នំពេញ៖ ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្នុងសម័យប្រជុំ វិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញក្រោយប្រឈមវិបត្តិកូវីដ១៩។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល និងបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២២នេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល បន្តគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ និងសំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មី ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៥ជំពូក និង១៤មាត្រា ត្រូវបាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើក ដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។ ជាមួយគ្នាដែរនេះ ព្រឹទ្ធសភាក៏បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ទៀត រួមមានសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ផងដែរ៕