កម្ពុជានឹងមានទីលានចាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវចំនួន៦ នៅឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថានៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះយ៉ាងហោច៦ នឹងត្រូវដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម ខណៈទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបែបនេះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនៅក្នុងអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុ ដោយក្នុងនោះទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល៥ឆ្នាំ ដោយកាយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអាចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាម ជិត ១លានតោន។

ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះហើយគ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើមដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

ទាក់ទងនឹងបញ្ហា សំរាមនេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង១ម៉ឺនតោន ហើយក្នុងមួយឆ្នាំ សំណល់សំរាមមានប្រមាណ ៤លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី៣៥០ – ៤០០ តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន៦៥ ភាគរយ គឺជាសំរាមសំណល់ សរីរាង្គ ,២០ភាគរយជាសំណល់ ប្លាស្ទិក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង៕