មន្ទីរពេទ្យពហុជំនាញឯកជនមួយកម្ពស់ ២៦ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង

ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា បានបើកដំណើរការសាង សង់ហើយ ដែលមានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី ១៥០ទៅ ២០០គ្រែ ហើយគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ បានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាង ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១, មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣, ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២៧៥៧ ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

Previous Article
Next Article