ឯកឧត្តមថោង ខុន ត្រូវបាន ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម

ឯកឧត្តមបណ្ឌិត ថោង ខុន ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយសារម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម មិនទាន់បាន បញ្ចប់បេសកកម្មរបស់ខ្លួន។

រឿងសំខាន់នៅក្នុងពេលដំណាលគ្នានេះដែរ គឺក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ បានសម្តែងការអបអរសាទរដល់កម្ពុជា មិនត្រឹមសម្រាប់តែសហប្រធានស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរដល់កម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការទទួលធ្វើម្ចាស់ផ្ទះ ដោយភាពកក់ក្តៅ កិត្តិយសជាតិ កិត្យានុភាពជាតិ ក្នុងនាមជាប្រទសដែលមានអរិយធម៌ វប្បធម៌ដ៏សម្បូរបែប ដោយយើងនឹងបង្ហាញពីសក្តានុពលជាតិ ទៅកាន់អន្តរជាតិ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា ជាញឹកញាប់នាពេលខាងមុខ ក៏ដូចជាដល់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។កម្ពុជានឹងស្វែងរកការគាំទ្របន្ថែមពីអន្តរជាតិ នៅក្នុងការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងអស់ពីលទ្ធភាព ធ្វើយ៉ាងណាឱ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕

Previous Article
Next Article