គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជាង ៩២ភាគរយ

ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាន ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាឱ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក ខណៈដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្រេចបាន ៩២,៧២% ហើយ ។

 គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ហើយបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Previous Article
Next Article