រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការឡើងថ្លៃសំរាម ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើង ថ្លៃសំរាម សំណល់រឹងនៅ ក្នុងរាជធានីភ្នំពេញ ខណៈមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូន សំរាម និងសំណល់រឹងចំនួន៣ បានកំពុងប្រកួតប្រជែងគ្នា ក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។  

ការបញ្ជាក់បែបនេះ របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលា រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន៣នាក់ទៀត។

លោក ហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី បានបញ្ជាក់ថា ការអនុវត្តតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ឆ្នាំ២០០៣ មិនអាចឆ្លើយ តបទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាពទូទាត់ថ្លៃសេវាជូនប្រតិបត្តិករថ្មីទាំង៣ ដែលប្រើ ប្រាស់រថយន្តដឹកសំរាម រថយន្តបោសថ្នល់ រថយន្តបាញ់លាង សម្អាតថ្នល់ ឧបករណ៍ និងសម្ភារថ្មីៗ ព្រមទាំងប្រាក់បៀវត្សរ៍បុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន ព្រមទាំង ការចំណាយរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាពផងដែរ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងលេខ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ ស្ដីពីការដាក់ឱ្យអនុវត្តន៍តារាងកម្រៃ សេវាគ្រប់ គ្រងសំរាម សំណល់រឹង(ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើង ផងដែរថា ពីមុនប្រជាពលរដ្ឋមួយចំនួនមិនបានបង់ថ្លៃសំរាមឱ្យក្រុមហ៊ុនប្រមូលសំរាមនោះទេ ដោយពួកគាត់លើកហេតុផលថា ការប្រមូលសំរាមមិនស្អាតទុកឱ្យស្អុយរយៈពេលច្រើនថ្ងៃ ដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបាន ហើយក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះ ដែរ។ តែមកដល់ពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុនចំនួន៣ ប្រកួតប្រជែងលើការ ប្រមូលសំរាម ការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹង គឺមានភាពល្អប្រសើរជាងមុន។

លោកក៏បានបន្តថា ការប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញទៅ លើការ ដំឡើងថ្លៃសំរាមថ្មីនេះ យើងប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់ ឱ្យទៅក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះនៅឡើយដែរ។ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមដើម្បីធ្វើឱ្យភ្នំពេញយើងមានអនាម័យ និងបរិស្ថានល្អ៕

Previous Article
Next Article