ក្រសួងអប់រំ បានត្រៀមរួចជាស្រេច សម្រាប់ដំណើរការនៃការប្រឡងបាក់ឌុបដែលធានាបានគុណភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២១នេះ រួចជាស្រេច ដើម្បីធានាបាននូវនិរន្តរភាពគុណភាព និងធនធានមនុស្សពិតប្រាកដ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងបានរៀបចំទាំងវិញ្ញាសា ទាំងការចាត់តាំង ទាំងគណៈកម្មការផ្សេងៗ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនដូចពេលមុនៗ។

ឯកឧត្តម ជឿជាក់ថា បេក្ខជនទាំងអស់នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រឡងបញ្ចប់ការសិក្សាដោយជោគជ័យ ទោះមានការរំខានដោយសារ វិបត្តិជំងឺកូវីដ ១៩ ក៏ដោយ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ក្រសួងបានរៀបចំការបណ្ដុះបណ្ដាល ដើម្បីឱ្យជំនួយការអប្បមាទ ដែលជាតួអង្គមួយ សំខាន់នៅក្នុងការចូលរួមត្រួតពិនិត្យផ្ទាល់នៅក្នុងមណ្ឌលប្រឡង ដើម្បីធានាឱ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលូន។  

«នៅពេលបច្ចុប្បន្ននេះគឺការរៀបចំដំណើរការប្រឡង គឺបានដំណើរការទៅដោយរលូនដោយសារយើងបានកំណត់មណ្ឌលទាំងអស់ ២០៤ មណ្ឌល នៅ២៥ខេត្តក្រុងរួចហើយ។ ហើយដោយសារតែមណ្ឌលទាំងអស់នេះគឺយើងរៀបចំហើយ ដោយបានរៀបចំជាច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ហើយជាពិសេសស្តង់ដារប្រតិបត្តិពាក់ព័ន្ធជាមួយនឹងការការពារជំងឺកូវីដ១៩។ ហើយអាចទទួលសិស្សឆ្នាំនេះប្រមាណជា ១១៥,០០០នាក់ចូលរួមក្នុងការប្រឡងនេះ។ ហើយសម្រាប់សម័យប្រឡងថ្ងៃទី ២៧ខែធ្នូនេះនឹងរៀបចំទៅដោយរលូន ទោះបីក្នុងបរិបទ កូវីដ១៩ ក្ដី ក៏យើងឃើញថាប្រឡងសញ្ញាបត្របឋមភូមិគឺដំណើរការទៅបានល្អអត់មានការផ្ទុះអ្វីទេ ដោយសារតែទាំងសិស្សទាំងគ្រូ ទាំងអ្នក ចូលរួមគឺទទួលបានការចាក់វ៉ាក់សាំងដូសទី ២ ទី ៣ ដូច្នេះយើងអត់មានបញ្ហាអីទេ អ៊ីចឹងដំណើរការ ខ្ញុំជឿជាក់ថា ការរៀបចំទាំងយន្តការ គឺដំណើរការដូចពេលមុន»។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ ក៏សូមជូនពរសូមឱ្យបេក្ខជនប្រឡងទាំងអស់ទទួលបានជោគជ័យ លើការប្រឡើងនេះ ដែលជាធនធានមនុស្ស មានគុណភាពចូលរួមចំណែកនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចបាន ត្រួសត្រាយផ្លូវរៀបចំឱ្យមានសន្តិភាព មានការអភិវឌ្ឍន៍សេដ្ឋកិច្ច មានការប្រែប្រួលមុខមាត់ខ្លាំងក្លា ដូច្នេះដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍ ប្រទេសជាតិគឺត្រូវការធនធានមនុស្សដែលមានជំនាញ ជាពិសេសនៅក្នុងបរិបទកូវីដនេះ គឺទាមទារឱ្យកាន់តែខ្លាំងឡើង នូវធនធានមនុស្ស ដែលមានជំនាញខាងផ្នែកឌីជីថល និងជំនាញផ្សេងៗទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ ៕