កម្ពុជាត្រៀមខ្លួនទទួលភ្ញៀវទេសចរចិន ក្រោយពេលបើកឱ្យមានការហោះហើរត្រង់នាពេលខាងមុខ

ភ្នំពេញ៖ បញ្ហាកូវីដ-១៩ជិត២ឆ្នាំ មកនេះ បានធ្វើឱ្យពិភពលោកផ្អាកជើងហោះហើរត្រង់ពីប្រទេសផ្សេងៗ រួមទាំងប្រទេសចិន និងកម្ពុជាផងដែរ ក្នុងបំណងចូលរួមទប់ស្កាត់ជំងឺនេះ ដែលនាំ ឱ្យវិស័យផ្សេងៗត្រូវបានផ្អាកស្ទើរទាំងស្រុង។ ប៉ុន្តែនៅពេលខាងមុខនេះ កម្ពុជានិងចិននឹងបើក ដំណើរការឱ្យមានការ ហោះហើរត្រង់ឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ដែលនេះជាឱកាសល្អឱ្យកម្ពុជាអាចស្រូបយកភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវចិនឱ្យមកទស្សនាកម្ពុជាឡើងវិញ។

មុនវិបត្តិកូវីដ-១៩ ចិនគឺជាគោលដៅទេសចរណ៍ទី១ ក្នុងចំណោមទេសចរអន្តរជាតិទាំង១០ប្រទេស ដែលបានមកទស្សនានៅកម្ពុជាច្រើនជាងគេ។ ឆ្លងកាត់បទពិសោធន៍និងការដាក់ចេញផែនការសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលបានចាក់ វ៉ាក់សាំងរួចនោះ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរ ចិនច្រើនឡើងវិញ។

ការព្យាករណ៍ថា នឹងអាចទទួល បានភ្ញៀវទេសចរចិនច្រើនមកកម្ពុជានេះ ត្រូវបានគេមើល ឃើញតាមរយៈកម្ពុជាមានទំនាក់ ទំនងគ្នាល្អលើគ្រប់វិស័យ ជាមួយចិន ដូច្នេះចរន្តនៃការវិនិយោគ វិស័យការទូត ការដើរកម្សាន្តរបស់ប្រជាជនចិនមកកម្ពុជាពិតជាមានការកើនឡើងជាមិនខាន។ ម៉្យាងវិញទៀតយើងសង្កេតឃើញថា ថ្នាក់ដឹកនាំប្រទេសចិន និងកម្ពុជាតែងតែផ្សារភ្ជាប់ និងជំរុញដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យមានការ វិនិយោគ និងការកម្សាន្តទៅវិញទៅមកជាហូរហែផងដែរ។

ចំណុចពិសេសមួយទៀត គឺប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើក ដំណើរការជាធម្មតាឡើងវិញ សម្រាប់ជើងហោះហើរត្រង់ រវាងចិន-កម្ពុជា នាពេលខាងមុខ ខណៈដែលភាគីចិនបាននិងកំពុងពិចារណាចំពោះការបើក ទូលាយ ក៏ដូចជាបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន ។

បើតាមការឱ្យដឹងពី ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បន្ទាប់ពីមានការឯកភាពក៏ដូចជាជជែកគ្នាពីថ្នាក់ដឹកនាំកំពូលការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន មកនោះ ភាគីចិនបានផ្តល់នូវសញ្ញាវិជ្ជមាន ដល់កម្ពុជា ដោយភាគីចិនបាន បង្ហើបថា ខ្លួននឹងពិចារណាក្នុងការអនុញ្ញាត ឱ្យមានការហោះ ហើរចេញចូលប្រទេសចិន និង ប្រទេសកម្ពុជា ហើយនឹងមានចំណាត់ការ ក៏ដូចជាវិធានការដោយឡែកសម្រាប់ការហោះហើរចេញចូលនេះផងដែរ ប៉ុន្តែមិនទាន់ដឹងពេលវេលាច្បាស់លាស់ប៉ុណ្ណោះ។

បើនិយាយពីសក្កានុពលវិស័យទេសចរណ៍វិញ ប្រទេសកម្ពុជា ជាប្រទេសមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ ពិសេសសំណង់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់ប្រាសាទធំជាងគេដែលឧទ្ទិសដល់សាសនា។ ក្រៅពីនេះ កម្ពុជានៅមានសក្ដានុពលទេសចរណ៍ ធម្មជាតិ ដែលរួមមានបឹង ទន្លេសាប ព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរមកកម្សាន្តជាបន្តបន្ទាប់។

ក្រុមអ្នកជំនាញវិស័យទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរចិនគឺជាទេសចរដែលមកចាយលុយច្រើន ហើយ ត្រូវការសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ កម្ពុជាត្រូវពង្រឹងគុណភាពនៃសេវាកម្មទេសចរណ៍ និងបង្កើតឱ្យមានសេវាកម្មសម្បូរដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្នាក់នៅកម្ពុជាបានច្រើនថ្ងៃ ហើយចំណាយច្រើនដែលជាការបង្កើតការងារដល់ប្រជាជន និងចំណូលសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កន្លងមកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់នៃយុទ្ធនាការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ កម្ពុជាបាននិងកំពុងចាប់ផ្តើមបើកដំណើរការវិស័យសំខាន់ៗឡើងវិញជាបណ្តើរៗហើយ ដោយផ្តើមដំបូងពីវិស័យអប់រំ ហើយបន្ទាប់មកគឺវិស័យសេវាកម្ម (ទេសចរណ៍)។ សម្តេចបន្តថា ដោយសារប្រទេសកម្ពុជា និងចិនមានទំនាក់ទំនងល្អជាមួយគ្នា ហើយអត្រាឆ្លងថ្មីនៅប្រទេសនេះមានកម្រិតទាបខ្លាំងនោះ ហេតុនេះកម្ពុជាអាចនឹង ចាប់ផ្តើមបើកទទួលភ្ញៀវទេសចរចិនមុនគេ៕

Previous Article
Next Article