កម្ពុជា-កូរ៉េ ចុះ MOU ក្នុង «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា»

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា” ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ជាមួយនឹងលោកសាស្រ្តាចារ្យ Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ តំណាងអគ្គស្នងការនគរបាលជាតិ តំណាងក្រសួងអប់រំ តំណាងក្រុមហ៊ុន DAOL PLC តំណាងអង្គការ CAMSAFE និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី អ្នកតំណាងអង្គការ CAMSAFE និងលោកសាស្រ្តាចារ្យ តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃប្រទេសកូរ៉េ បានថ្លែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទស្សនវិស័យជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដោយផ្តោតជាសំខាន់លើតំបន់សាលារៀន ដែលមានអត្ថន័យជារួមថា៖ តំបន់សាលារៀន គឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារគឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយឱ្យបានច្រើនជាទីបំផុត ដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពីកម្រិតបឋមសិក្សាឡើងទៅ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានបន្ថែមថា៖ ការចូលរួមគាំទ្រពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

បន្ថែមពីលើនេះ លោកជំទាវ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើគម្រោងមួយនេះ ដែលនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកែប្រែអាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅតំបន់សាលារៀន ឱ្យមានភាពល្អប្រសើរឡើង ហើយគម្រោងនេះនឹងមាននិរន្តរភាព និងការអភិវឌ្ឍទៅមុខជាបន្ត បន្ទាប់ពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះហើយ។

សូមជម្រាបជូនថា៖ អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយអនុស្សរណៈនៃការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧៕
Previous Article
Next Article