សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អនុសាសន៍សំខាន់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ ស៊ីហ្គេម ឆ្នាំ២០២៣

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូងបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលបានខិតខំដណ្តើមមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធរបស់កម្ពុជា ដែលដណ្តើមបានក្នុងស៊ីហ្គេម លើកទី៣១ គឺពិតជាបានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យកីឡាកម្ពុជាឱ្យបានស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សម្តេចជ័យសេនាបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរបស់សហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្នុងការហ្វឹកហាត់ ដែលបានតស៊ូហ្វឹកហាត់រហូតដល់ដណ្តើមបានលទ្ធផលល្អប្រកបដោយមោទកភាពជាតិ។

សម្រាប់ប្រាក់រង្វាន់សរុបរបស់រាជរដ្ឋាភិបាលមានចំនួន ៣ ៤៥៨ ២០០ ០០០ រៀល ក្នុងនោះមេដាយមាស១គ្រឿង ទទួលថវិកា ៤០លានរៀល, មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ដោយគ្រូបង្គោលទទួល១០០ភាគរយ ស្មើនឹងមេដាយខ្ពស់បំផុតរបស់អត្តពលិករបស់ខ្លួន ខណៈគ្រូជំនួយស្មើនឹង៧០ភាគរយ។ មេដាយសរុបរបស់កម្ពុជា មាន៦៣វិញ្ញាសា ក្នុងនោះមេដាយមាស ៩, ប្រាក់១៣ និងសំរឹទ្ធ ៤១ ដណ្តើមបានលើ១៥ប្រភេទកីឡា។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តល់អនុសាសន៍៥ចំណុចសំខាន់ៗ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដូចខាងក្រោម៖ ១. ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បន្តពង្រីកកិច្ចសហការល្អ ហ្វឹកហ្វឺនក្រុមអត្តពលិកជម្រើសជាតិក្នុង និងក្រៅប្រទេស ដើម្បីបង្កើនគុណផលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដណ្ដើមមេដាយឱ្យបានច្រើន ពិសេសមន្ត្រីបច្ចេកទេសរៀបចំ និងកាត់សេចក្ដីការប្រកួត។ ជាមួយគ្នានេះ ក្រសួងបន្តផ្ដល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ២. សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជនបំពេញការខ្វះខាត ដើម្បីលើកកម្ពស់កាអភិវឌ្ឍប្រភេទកីឡារបស់ខ្លួនឱ្យបានកាន់តែរីកចម្រើន និងមាននិរន្តរភាព។ ៣. គណៈកម្មការជំនាញទាំង១៤ នៃគណៈកម្មាធិការជាតិ CAMSOC ត្រូវសហការគ្នាឱ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច ជំរុញការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេចទៅតាមក្របខ័ណ្ឌពេលវេលាកំណត់ ដើម្បីធានាបានជោគជ័យខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។ បន្តពង្រឹងការប្រកួតជើងឯកជាតិ និងការប្រកួតកីឡាជាតិឱ្យកាន់តែមានគុណភាព ឈានទៅរកស្ដង់ដាតំបន់ ដើម្បីយកការប្រកួតកីឡាអន្តរជាតិមករៀបចំនៅកម្ពុជា។ ៤. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ២០២៣។ ៥. នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីរួមចំណែកដល់ភាពជោគជ័យ នៃការរៀបចំប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

សូមអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត និងប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ៕