ផលនេសាទត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានជាង ១ពាន់តោន កើនឡើង ៤០ភាគរយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណ ១ ៤៨១តោន ហើយបរិមាណនេះកើនឡើងប្រមាណ ៤០ភាគរយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ ១ ៤៨១តោន។ បរិមាណនេះកើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន»។

ក្រសួងលើកឡើងថា ប្រភេទត្រីដែលនេសាទបានពីដាយត្រី ក្នុងរដូវនេសាទនេះ រួមមាន៖ ត្រីរៀល ៤៥ភាគរយ ត្រីស្លឹកឫស្សី ៣០ភាគរយខ្នងវែង ៥ភាគរយ ត្រីច្រកែង ២ភាគរយ ត្រីល្បាត ៥ភាគរយ និងត្រីចម្រុះ ១០ភាគរយ។ ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០ភាគរយ មកពីបណ្តាខេត្តផ្សេងៗ ។

ក្រសួង បន្ថែមថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញ ថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផល នៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់ កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២កន្លងទៅ។ នៅពេលដែលផលត្រីកើនឡើងបងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីកនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍។

លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តរកតុល្យភាព រវាងអភិរក្ស និងអភិវឌ្ឍន៍ មិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ ទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោត រស់នៅ។ ការរក្សាតំបន់ទាំងពីរនេះ កុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រី ពោរពេញផ្ទៃប្រទេស។

ជាមួយគ្នានោះដែរដើម្បីទប់ស្កាត់បទល្មើសនេសាទ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង បានស្វាគមន៍ និងលើកទឹកចិត្តដល់សហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជានេសាទទាំងអស់ ឱ្យគោរពច្បាប់នេសាទ ដើម្បីរក្សាធនធានជលផលឱ្យបានយូរអង្វែង។ ចំណែកឯអ្ន កប្រព្រឹត្តល្មើស ត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្មបានអះអាងថា នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណា ដែលមានភស្តុតាង និងកំណត់អត្តសញ្ញាណ នៃជនដែលបានប្រព្រឹត្តបទល្មើស៕

Previous Article
Next Article