បាញ់គ្នាដូចក្នុងកុន!!  គូបដិបក្ខ ២ក្រុម បាញ់គ្នាខ្ទរទីក្រុងប្រទេសបារាំង កណ្ដាលថ្ងៃត្រង់(មានឃ្លីបវីដេអូ)

សារព័ត៌មានបរទេស បានបង្ហាញឃ្លីបញាប់ញ័រស្មារតីមួយ ក្នុងហេតុការណ៍ដេញបាញ់គ្នាលាន់ខ្ទរខ្ទា​នៅ​តាម​ផ្លូវថ្នល់​ កណ្ដាល​ទីក្រុងម៉ុង ពើលីយេ ភាគខាងលិចនៃប្រទេសបារាំង កាលពីថ្ងៃអាទិត្យ(ទី1 តុលា)ម្សិលមិញ ក្រោយពី គូបដិបក្ខ ២ក្រុម បានប្រើកាំភ្លើងខ្លី និងវែង បាញ់ដាក់គ្នាទៅវិញទៅមក ខណៈដែលប៉ូលិស បានប្រាប់ថា មានអ្នករងរបួសនៅក្នុងហេតុការណ៍នោះ យ៉ាងតិច ១នាក់។

ស្នូរកាំភ្លើងបានលាន់ឮឡើងខ្ទរខ្ទាក្នុងតំបន់ La Paillade ក្នុងទីក្រុងម៉ុង ពើលីយេ ក្នុងអំឡុងពេលរសៀលថ្ងៃអាទិត្យ(ទី1 តុលា)ម្សិលមិញ ក្រោយពីគូបដិបក្ខ ២ក្រុម មើលទៅហាក់ដូចជាបាញ់រះទាំងកាំភ្លើងខ្លី​ និងកាំភ្លើងស្វ័យប្រវត្តិ​ ដាក់គ្នាទៅវិញទៅមក យ៉ាងគ្មានបង្អង់ដៃ និងគ្មានខ្លាចញញើតច្បាប់ ហើយទិដ្ឋភាពដែលបានបង្ហាញនៅលើបណ្ដាញសង្គមអនឡាញ ដែលហ្ស៊ូម ចូលទៅជិតចំណុចកើតហេតុនោះ ត្រូវបានគេមើលឃើញក្រុមបុរសពាក់ស្រោមមុខខ្មៅ កំពុងបាញ់រះដាក់គូបដិបក្ខ នៅក្បែរអគារ អ៊ែសសាស់ ថៅវើរ ជាអាគារស្នាក់នៅដែលខ្ពស់បំផុត នៅក្នុងមណ្ឌល ឡុងដុក រូស៊ីយៀង។

ចំណែកវីដេអូ ១ទៀត ដែលបង្ហាញនៅក្នុងបណ្ដាញសង្គមអនឡាញដែរនោះ ត្រូវបានគេមើលឃើញបុរសម្នាក់ ដែលមើលទៅហាក់ដូចជារងរបួសដោយការបាញ់ប្រហារគ្នានេះ។

សារព័ត៌មានរបស់បារាំង បានរាយការណ៍ថា កម្លាំងប៉ូលិស ១ក្រុមធំ ក្រោមការគាំទ្ររបស់អង្គភាពគ្រប់គ្រងការចលាចល កងកម្លាំងចម្រុះ និងកងទាហានរបស់កងទ័ព ត្រូវបានបញ្ជូនទៅប្រចាំការនៅក្នុងកន្លែងកើតហេតុ ដោយពួកគេបានចូលទៅកាន់កាប់តំបន់នោះ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្រោមការឃុំគ្រងការពាររបស់ប៉ូលិស។

ប្រភពព័ត៌មានប៉ូលិស បានបង្ហើបប្រាប់ក្រុមសារព័ត៌មានក្នុងតំបន់ថា ហេតុការណ៍បាញ់ប្រហារគ្នានេះ មានមូលហេតុមកពីទំនាស់រវាង ក្រុមបដិបក្ខ ២ក្រុម ខណៈដែលអ្នកមើលឃើញហេតុការណ៍មួយចំនួនបានអះអាងថា ទាំង ២ក្រុមនោះ មានវិវាទនឹងគ្នា ពាក់ព័ន្ធនឹងការលក់-ទិញគ្រឿងញៀន។

លោកអភិបាលក្រុង ម៉ុង ពើលីយេ បានថ្កោលទោសហេតុការណ៍នេះថា ជាទង្វើដ៏គឃ្លើន និងជាអំពើហិង្សា ដែលមិនគួរជឿថា វានឹងកើតឡើង។ ចំណែកសហភាពប៉ូលិស បានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ថា “មានតែការបញ្ជូនកម្លាំងប៉ូលិសចំនួនច្រើនប៉ុណ្ណោះ ទើបអាចជួយឱ្យអាជ្ញាធរ ប្រើច្បាប់គ្រប់គ្រងស្ថានការណ៍ហិង្សា និងទង្វើខុសច្បាប់ដែលកើតមានកាន់តែច្រើនឡើង នៅក្នុងតំបន់នេះបាន”

សហភាពប៉ូលិស ថ្លែងថា “ម៉ុង ពើលីយេ កំពុងស្ថិតលើដំណើរផ្លូវ ក្នុងការក្លាយជាទីក្រុងមួយ ដែលមានបទល្មើសឧក្រិដ្ឋ ច្រើនបំផុតនៅក្នុងប្រទេសបារាំង”៕

ប្រភព៖ សារព័ត៌មានបរទេស

លិងក៍ https://mgronline.com/around/detail/9630000113313