ជប៉ុន បន់​ឱ្យ​លោក ចូ បៃ​ដិ​ន ដឹកនាំ​សហរដ្ឋអាមេរិក រំដោះខ្លួន​ចេញពី​អំពើ​ឆ្កួត​លេលា​របស់លោក​ត្រាំ

ប្រទេស​ជប៉ុន បាន​វាយតម្លៃថា បើសិន​លោក​ចូ បៃ​ដិ​ន ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ក្លាយជា​ផលប្រយោជន៍​ដល់​ប្រទេស​ជប៉ុន​ខ្លាំង​ជាង​លោក​ដូ​ណា​ល់ ត្រាំ ដែល​សន្និដ្ឋាន​គោលនយោបាយ​មិនបាន និង​ប្រកាន់​តែ​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​ជាធំ រហូត​ធ្វើឱ្យ​ប្រទេស​ជប៉ុន​ប្រៀបដូចជា​មនុស្ស​ឥតប្រយោជន៍។

ការបោះឆ្នោត​សហរដ្ឋអាមេរិក​លើក​នេះ បានទទួល​ការចាប់អារម្មណ៍​ពី​ប្រទេស​ជប៉ុន តិចជាង​ពេលកន្លងៗមក​ច្រើនណាស់ ដោយសារតែ​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​វីដ-១៩  គឺជា​រឿង​ដែល​សំខាន់បំផុត ដែល​សូម្បីតែ​ការ​ថ្លែង​គោលនយោបាយ​លើកដំបូង របស់លោក​នាយករដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ិ​ដេ ស៊ូ​ង៉ៈ ក៏បានផ្ដល់​ពេលវេលា​ច្រើន ទៅលើ​រឿង​ការស្ដារ​សេដ្ឋកិច្ច ពី​ផលប៉ះពាល់​របស់​កូ​វីដ-១៩ រួមទាំង​ប្រាប់ថា នឹង​ថែរក្សា​សម្ព័ន្ធភាព​ជាមួយ​ចិន និង​កូរ៉េខាងត្បូង ដែលជា​ប្រទេសជិតខាង​ដ៏​សំខាន់បំផុត ជំនួស​ឱ្យ​ការនិយាយ​ពី​សម្ព័ន្ធភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក ដូច​មេដឹកនាំមុនៗដែរ។

ក្នុង​គ្រា​ដែល​លោក ដូ​ណា​ល់ ត្រាំ ឈ្នះ​ការបោះឆ្នោត ក្លាយជា​មេដឹកនាំ​សហរដ្ឋអាមេរិក កាលពី ៤ឆ្នាំមុន ក្រសួងការបរទេស​ជ​ប៉ុន បាន​ធ្លាក់​ក្នុង​សភាព “ប្រ​បូល​ច្របល់” ដោយសារតែ​វាយតម្លៃថា លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នឹង​ឈ្នះ​ការបោះឆ្នោត និង​ស្ទើរតែ​គ្មាន​ទិន្ន័យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​លោក ដូ​ណា​ល់​ត្រាំ​ទៀតផង ដូច្នេះហើយ ទើប​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ត្រូវ​សុខចិត្ត​ធ្វើ​ខុស​ទំនៀមទម្លាប់​ការទូត ហោះ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ជួប​លោក​ដូ​ណា​ល់ ត្រាំ មុនពេល​លោក​ស្បថ​ចូលកាន់​តំណែង​ទៀតផង។ លោក​អា​បេ បាន​អាង​លេស​ថា បាន​សាង “សម្ព័ន្ធភាព​ផ្ទាល់ខ្លួន” ជាមួយ​លោក​ត្រាំ ធ្លាប់​លេង​វាយ​កូន​ហ្គោល​ជាមួយគ្នា​ជាច្រើន​ដង ហើយ​លោក​ត្រាំ ក៏​ទទួលស្គាល់ថា លោក​ជិតស្និទ្ធ​ជាមួយ​លោក​អា​បេ ដូចគ្នា។

តែ​យ៉ាងណាក៏ដោយ សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង ២នេះ មិនអាច​អាស្រ័យ​លើ​សម្ព័ន្ធភាព​ផ្ទាល់ខ្លួន​បានឡើយ ហើយ​ខណៈ​នេះ លោក​អា​បេ បាន​ផុតពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅហើយ ហើយ​ប្រទេស​ជប៉ុន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ ដែល​ទោះជា​ចង់ភ្ជាប់​គោលនយោបាយ​ភាគច្រើន​របស់លោក​អា​បេ​ក៏ដោយ តែ​លោក​ស៊ូ​ង៉ៈ ដែល​ធំធាត់​ឡើង​មកពី​សាមញ្ញ​ជន ទើប​មាន​ភាពជា “បែបផែន” និង​ពឹងពាក់​លើ​ប្រព័ន្ធ​រាជការ ខ្លាំង​ជាង​លោក​អា​បេ។

សម្ព័ន្ធភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក អាច​និយាយបានថា ជា​ស្នូល​របស់​គោលនយោបាយ​ការបរទេស​របស់​ជប៉ុន ដោយសារតែ​ជប៉ុន ត្រូវ​ពឹងពាក់​សហរដ្ឋអាមេរិក ក្នុងការ​ការពារ​ប្រទេស និង​គាំទ្រ​ជប៉ុន​ក្នុង​ស្ទើរតែ​គ្រប់​រឿង តែ​លោក​ដូ​ណា​ល់ ត្រាំ បានធ្វើឱ្យ​ជប៉ុន​ដែល​ស៊ាំ​ធ្លាប់​ជាមួយ​ការរៀប​ផែនការ និង​ការ​ព្យាករ​លើ​គ្រប់​រឿងរ៉ាវ​នោះ ដល់​ថ្នាក់ “គាំង​នៅ​មួយកន្លែង” ព្រោះ​លោក​ត្រាំ ដំណើរការ​នយោបាយ​តាមតែ​ចិត្ត​ខ្លួនឯង និង​មិនអាច​សន្និដ្ឋានបាន។

គោលនយោបាយ “អាមេរិក​មុនគេ” របស់លោក​ត្រាំ គឺ​ការប្រកាន់យក​ផលប្រយោជន៍​របស់ខ្លួន​ឯង​ជាធំ បដិសេធ​សម្ព័ន្ធមិត្ត បដិសេធ​ការរួម​ជាមួយ​ក្រុមផ្សេង។ លោក​ត្រាំ ដកខ្លួន​ចេញ​កិច្ចសហការ​អន្តរជាតិ​ជាច្រើន ដូចជា កិច្ចព្រមព្រៀង​រួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ឬ TPP កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​កែប​ញ្ហា​ការកើនឡើង​នៃ​កម្ដៅ​ផែនដី កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ថែមទាំង​ហាម​ប្រទេស​ដទៃទៀត មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​ជា​អ៊ីរ៉ង់​ទៀតផង ទាំង​ដែល​ជប៉ុន​ជា​អ្នកទិញ​ប្រេង​យ៉ាងច្រើន​ពី​ប្រទេស​អ៊ីរ៉ង់។

លោក​ដូ​ណា​ល់ ត្រាំ ថែមទាំង​បាន​សាង​ប្រវត្តិសាស្ត្រ​ក្នុង​ការជួប​ជាមួយ​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង តែ​មិន​ខ្វល់​នឹង​ក្នុងការ​ទាមទារ​របស់​ជប៉ុន​ក្នុង​រឿង​ដែល​ជនជាតិ​ជប៉ុន ត្រូវ​កូរ៉េខាងជើង​ចាប់ពង្រត់ ឱ្យ​វិល​ត្រឡប់មក​មាតុភូមិ​វិញ​ឡើយ ធ្វើឱ្យ​លោក​អា​បេ ត្រូវ​ប្រកាសថា លោក​ត្រៀម​ជាស្រេច​ក្នុង​ការជួប​ជាមួយ​លោក​គីម ជុង​អ៊ុន​ដោយ​គ្មាន​លក្ខខណ្ឌ តែ​មេដឹកនាំ​កូរ៉េខាងជើង​ក៏​មិនបាន​ខ្វល់ខ្វាយ​នឹង​សំណើ​របស់​ជប៉ុន​សូម្បីតែ​បន្តិច។

ទង្វើ​របស់លោក​ត្រាំ ធ្វើឱ្យ​ជប៉ុន​រៀបចំ​ផែនការ​នយោបាយ​មិនបាន និង​ថែមទាំង​ខាតបង់​ប្រយោជន៍​ពី​ការ​មាន​ចំណែក​រួម​ក្នុង​សម្ព័ន្ធភាព​រវាង​ប្រទេស​ជាច្រើន​ទៀតផង។ រឿង​មួយចំនួន​ដូចជា កិច្ចព្រមព្រៀង TPP ប្រទេស​ជប៉ុន​ត្រូវ​ដំណើរ​ការបន្ត តែ​រឿង​ខ្លះ ជប៉ុន ក៏ត្រូវ​បង្ខំ ឱ្យ​កាន់ជើង​ខាង​សហរដ្ឋអាមេរិក ជំនួស​ការ​នៅ​ខាង​សហគមន៍​អន្តរជាតិ។

លោក​ត្រាំ ថែមទាំង​បានទាមទារ ឱ្យ​ជប៉ុន​រ៉ាប់រង​ការចាយវាយ​របស់​មូល​ដ្ឋា​ន​ទ័ព​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​ជប៉ុន ដែល​កាន់តែ​កើនឡើង​ទ្វេដង រួមទាំង​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល ក្នុងតម្លៃ​ដ៏​ខ្ពស់កប់ពពក ពី​សហរដ្ឋអាមេរិក ទាំង​ប្រជាជន​ជប៉ុន​ជំទាស់​យ៉ាងខ្លាំង​ទៀតផង។

ក្នុងអំឡុង​ពេលដែល​មេរោគ​កូ​វីដ-១៩ឆ្លង​រាលដាលដំបូងៗ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន ថែមទាំង​បានប្រកាស​ឱ្យ​មន្ត្រី និង​ពលរដ្ឋ​របស់ខ្លួន ពិចារណា​ក្នុងការ​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ជប៉ុន ដោយ​អាង​ថា ជប៉ុន​បាន​លាក់​ចំនួន​អ្នក​ឆ្លង​មេរោគ មិន​ពិនិត្យ​រក​មេរោគ​ឱ្យបាន​ទូទៅ…រឿងនេះ ធ្វើឱ្យ​ប្រទេស​ជប៉ុន បាក់មុខ​យ៉ាងខ្លាំង។

ទោះជា​លោក​ត្រាំ និយាយថា លោក​ស្និទ្ធស្នាល​ជាមួយ​លោក​អា​បេ  និង​ជប៉ុន គឺជា​សម្ព័ន្ធ​សំខាន់​ក៏ដោយ តែ​ការពិត​វិញ គឺ​ប្រកាន់​យកតែ​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ។

លោក​បៃ​ដិ​ន ប្រកាន់ខ្ជាប់​របៀបរបប​ពិភពលោក ធ្វើឱ្យ​ជប៉ុន​រៀបចំ​ផែនការ​នយោបាយ​ងាយស្រួល​ជាង

ជប៉ុន​វាយតម្លៃថា លោក​ចូ បៃ​ដិ​ន នឹង​ផ្ដល់​ភាព​សំខាន់​ទៅលើ​កិច្ចសហការ​រវាង​ប្រទេស និង​សម្ព័ន្ធភាព​ពហុភាគី ដែល​នឹង​ធ្វើឱ្យ​ជប៉ុន​អាច​កែសម្រួល​សម្ព័ន្ធភាព​ជាមួយ​ប្រទេសជិតខាង ទៅ​ដំណាលគ្នា​នឹង​ការ​តតាំង​អំណាច​របស់​ចិន​យ៉ាង​មិន​ក្លៀវក្លា​ខ្លាំងពេក ដោយសារតែ​លោក​បៃ​ដិ​ន​មើលឃើញថា ចិន​ជា “គូប្រជែង” មិនមែនជា “សត្រូវ។

លោក​បៃ​ដិ​ន នឹង​សាង​ភាពរឹងមាំ​ជាមួយ​សម្ព័ន្ធមិត្តផ្សេងៗ នៅក្នុង​ឥណ្ឌូ-ប៉ាស៊ីហ្វិក អឺរ៉ុប និង​អង្គការ​អន្តរជាតិ ទាំង​ផ្នែក​សន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការចែករំលែក​ទិន្នន័យ​ព័ត៌មាន។

បើសិន​លោក​បៃ​ដិ​ន បាន​ធ្វើជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ជប៉ុន​នឹង​រៀបចំ​គោលនយោបាយ​បាន​ងាយស្រួល ព្រោះ​គណបក្ស​ដេ​ម៉ូ​ក្រេ​ត មាន​ភាព​និយម​ក្នុងការ​មាន​បែបផែន​ច្បាស់លាស់។ ជប៉ុន​នឹង​ពង្រីក​សម្ព័ន្ធមិត្ត​បាន​ច្រើនជាង ពឹង​តែ​សហរដ្ឋអាមេរិក​តែមួយ និង​មិន​រង​ការកៀបសង្កត់​ឱ្យ​ប្រឈមមុខ​ជាមួយ​ចិន ទៀតផង។ផ្នែក​សម្ព័ន្ធភាព​ជាមួយ​កូរ៉េខាងជើង លោក​បៃ​ដិ​ន មាន​យុទ្ធសាស្ត្រ និង​ប្រព័ន្ធ​ការងារ​ខ្លាំង​ជាង​លោក​ត្រាំ ដែល​ប្រើតែ​ការទាក់ទង​បែប​ឯកជន ជាមួយ​លោក​គីម ជុង​អ៊ុន ធ្វើ​បែប​តាម​អំពើ​ចិត្ត និង​បង្កប់​ដោយ​ការរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន។បើ​លោក​បៃ​ដិ​ន បាន​ធ្វើជា​មេដឹកនាំ​សហរដ្ឋអាមេរិក គោលនយោបាយ​របស់​គ​ណ​បក្ស​ដេ​ម៉ូ​ក្រេ​ត នឹង​ផ្ដល់​ភាព​សំខាន់​ទៅលើ​សិទ្ធិ​ពលករ និង​សភាព​បរិស្ថាន។ សហរដ្ឋអាមេរិក​នឹង​នៅតែ​ប្រើ​វិធានការផ្សេងៗ ដើម្បី​កាត់បន្ថយ​ភាព​បាត់បង់​តុល្យភាព​ខាង​ពាណិជ្ជកម្ម ប៉ុន្តែ នឹង​ក្លាយជា​ស្តង់ដា​សកល គោរព​ក្បួនច្បាប់​រវាង​ប្រទេស ជាការ​បង្កើន​កិច្ចសហការ មិនមែនជា​ការកៀបសង្កត់ គំរាម និង​អាត្មានិយម ដូចដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់ធ្វើ​នោះទេ៕ប្រភព ៖ សារព័ត៌មាន​បរទេសលិ​ងក៍

#អគុណសន្តិភាព