ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ បាន​ពិនិត្យ​ព្យាបាល​ពលរដ្ឋ ១៨,២៨០នាក់ ដោយ​ឥតគិតថ្លៃ

បន្ទាប់ពី​ដំណើរការ​ងារ​ពេញ​មួយ​អាណត្តិ​រួចមក ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ បាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នា​សណ្ឋាគារ​ភ្នំ​ប្រុស ភ្នំ​ស្រី ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព លោក លី វ៉ាន់​ហុង ប្រតិភូ​រា​ជ​ដ្ឋា​ភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជា​តំណាង លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និង​វត្តមាន លោក ហាន កុសល អភិបាលរងខេត្ត​តំណាង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។

លោក​វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សា​ក្រសួងព័ត៌មាន និង​ជា​ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ បាន​ជម្រាប​ជូន​ពី​លទ្ធផល​សកម្មភាព​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​លោក ខៀវ កា​ញា​រី​ទ្ធ ក្នុង​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដែល​បាន​អនុវត្តន៍​នា​ពេល​កន្លងមក​នេះ​។

ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​លោក ខៀវ កា​ញា​រី​ទ្ធ ចាប់ផ្តើម​បង្កើត​ឡើង​នៅ​ខែមីនា ឆ្នាំ២០១៩ ដែល​បច្ចុប្បន្ន​នេះ មាន​សមាសភាព​សរុប​ចំនួន ៩២នាក់​ក្នុង​នោះ​មាន វេជ្ជបណ្ឌិត​ចំនួន ១០នាក់ ទន្ត​បណ្ឌិត១ នាក់ គ្រូពេទ្យ ៤នាក់ គិ​លានុ​ប​ដ្ឋា​ក​យិ​កា ៦២នាក់​និង​និស្សិត​គិលានុបដ្ឋាក ទន្ត​គិលាន១៥នាក់​។

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ខៀវ កា​ញា​រី​ទ្ធ បាន​ចុះ​ពិនិត្យ​ព្យាបាល និង​ថែទាំ​ជំងឺ​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ នៅ​ទូទាំង​ក្នុង​ស្រុក​កោះសូទិន​បាន​ចំនួន ២៩លើក សរុប​ចំនួន​បាន​ពិនិត្យ​ព្យាបាល ១៨,២៨០នាក់, ស្រី ៩,៦៦០នាក់ ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ២៧៩លាន​រៀល​។

លទ្ធផល​ដែល​ទទួល​បាន​នា​ឱកាស​នេះ អាស្រ័យ​ដោយមាន​ការចូលរួម​ប្រកបដោយ បរិ​យា​បន្ន​ពី លោក​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និង​លោកស្រី ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ឧបត្ថម្ភ​ទាំង​ស្មារតី និង​ថវិកា រួម​ជាមួយ​ក្រុមការងារ ក្រសួងព័ត៌មាន ចុះ​ជួយ​ស្រុក និង​ឃុំ​ទាំង៨ ក្នុង​ស្រុក​កោះសូទិន បូករួម​ជាមួយ​ឆន្ទៈ​ចូលរួម​របស់​អាជ្ញាធរ​ភូមិ ឃុំ ពិសេស​ឆន្ទៈ​លះបង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ភារកិច្ច​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​រដ្ឋមន្ត្រី ដែល​នាំមក​នូវ​លទ្ធផល​គួរ​ជា​ទី​មោទ​នៈ​។

លោក​វេជ្ជបណ្ឌិត សៅ សំបូរ ជំនួសមុខ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ខៀវ កា​ញា​រី​ទ្ធ បាន​ថ្លែងអំណរគុណ​ប្រកបដោយ​ការ ដឹងគុណ​ជូនចំពោះ លោក ខៀវ កា​ញា​រី​ទ្ធ និង​លោកស្រី ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​និង​ថវិកា ពិសេស​បាន​ផ្តល់​ថវិកា​សម្រាប់​បង្កើត កម្មវិធី​ជប់លៀង​នេះ​ជា​កិច្ច​លើកទឹកចិត្ត​ចំពោះ​ការ​ប្រឹងប្រែង​មិន​ខ្លាច នឿយហត់​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​ការងារ​ពិនិត្យ​ព្យាបាល​និង​ថែទាំ​ជំងឺ ជូន​ប្រជាពលរដ្ឋ​។

លោក ហាន កុសល ក្នុងនាម​លោក​អភិបាលខេត្ត​កំពង់ចាម អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កោះសូទិន បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ ដែល​បាន​ចុះ​ជួយ​ពិនិត្យ​ព្យាបាល ជំងឺ​ដោយ​ឥតគិតថ្លៃ​នា​ពេល​កន្លងមក​នេះ ដែល​ជា​ការ​បង្ហាញ​ពី​ការ​គិត​គួរ​និង​យកចិត្ត​ទុក្ខ​ដាក់​ពី​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ទៅ​ជនបទ​។

លោក លី វ៉ាន់​ហុង បាន​សំដែង​នូវ​ការ​កោតសរសើរ និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ដើម្បី​ចុះ​មក​ជួយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ តាម​បណ្តា​ឃុំ​ទាំង ៨ ក្នុង​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។

លោក​បាន​បញ្ជាក់​ថា នៅពេល​បន្តបន្ទាប់​ខាងមុខ​ទៀត ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ នឹង​បន្ត​បេសកកម្ម​ការងារ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​តាម​ភូមិ ឃុំ នានា​ក្នុង​ស្រុក​កោះសូទិន ហើយ​ជាមួយ​នេះ​ក៏​មានការ​ផ្តល់​ជូន​វែ​ន​តាម្​ញូប ថែមទៀត​ផង​ដែរ​។

ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ បាន​ចុះ​ជួយ​ធ្វើការ​ពិនិត្យ​ពិគ្រោះ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​។ សកម្មភាព​ការងារ​មនុស្សធម៌ នា​ពេល​កន្លង​នេះ សបញ្ជាក់​នូវ​ការ​យកចិត្ត​ទុកដាក់​គិតគូរ ពី​ស​ណា​ក់ លោក ខៀវ កា​ញា​រី​ទ្ធ លើក​បញ្ហា​សុខទុក្ខ សុខភាព មាល​ភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ស្រុក​កោះសូទិន​។

កម្មវិធី​នៃ​ការ​ផ្តល់​សេវា នា​ឱកាស​នេះ រួមមាន ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ មនុស្សចាស់ និង​កុមារ ពិនិត្យ​ជំងឺ​ធ្មេញ ពិសេស​ដកធ្មេញ វាស់​ភ្នែក ផ្តល់​ជូន​វ៉ែនតា ដល់ ចាស់​ៗ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ៕