លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ បន្តមានទំនុកចិត្តលើសម្ដេចតេជោ​ និងកុំ​ជឿ​តាម​ការ​ញុះញង់​

តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Telegram និង Facebook ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខជន​បន្ដ​វេន​ជានា​យក​រដ្ឋមន្ត្រី​ថ្ងៃ​អនាគត របស់​គណបក្សប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា សូម​បន្ត​ផ្តល់​ការ​ទុកចិត្ត​ទៅលើ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​លេខរៀង​ទី១៨​។

ជាមួយគ្នា​នេះ លោក​បណ្ឌិត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការ​ញុះញង់​ទាំងឡាយ​ណា ពិសេស​អ្នកនយោបាយ​មួយចំនួន នៅ​ក្រៅប្រទេស ដែល​មានបំណង​បំផ្លាញ​ការបោះឆ្នោត​នៅ​កម្ពុជា​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា «ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំង​ប្រទេស បាន​ផ្តល់​ការ​ជឿ​ទុកចិត្ត​ទៅលើ​សម្តេច​តេជោ ហ៊ុន សែន និង​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ តាម​ការ​អំពាវនាវ​របស់​សម្តេច​ក្នុងអំឡុងពេល​ដែល​ជំងឺ​កូ​វី​ដកំ​ពុង​រីក​រាល​ខ្លាំង ទើប​យើង​អាច​រួមគ្នា​គ្រប់គ្រង​ជំងឺ​កូ​វីដ-១៩ បាន​ដោយ​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។ ហេតុដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា បន្ត​ផ្តល់​ការ​ទុកចិត្ត​ទៅលើ​សម្តេច​តេជោ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា និង​សូម​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា (លេខរៀង​ទី១៨)។ បន្ថែម​លើ​នោះ សូម​បងប្អូន​កុំ​ជឿ​តាម​ការ​ញុះញង់​ទាំងឡាយ​ណា ដែល​មានបំណង​បំផ្លាញ​ការបោះឆ្នោត​នៅ​កម្ពុជា»។

សូមជម្រាប​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ​។ សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧នេះ មាន​គណបក្ស​នយោបាយ​ចំនួន១៨ បាន​ចូលរួម​ប្រកួតប្រជែង​រក​សំឡេងឆ្នោត​៕