ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សឃុំចំនួន ៩ឃុំ

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគណបក្សឃុំចំនួន៩ឃុំ  និងប្រធានមណ្ឌលសកម្មភាពបក្ស ព្រមទាំងក្រុមបក្សចំនួន ៣១១៨នាក់។

ឯក​ឧត្តម​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាន​លើក​ឡើងថា សុខ​សន្តិភាព កើត​មាននៅ​ក្នុង​ប្រទេសកម្ពុជា នា​ពេល​នេះ ពិតជា​មាន​តម្លៃ​ថ្លៃ​ថ្លា​ណាស់ ទោះបីជា​ស្ថិត​ក្នុង​តម្លៃណា​ក៏ដោយ យើង​ត្រូវតែ​ការពារ​ថែរក្សា​ឲ្យ​បាន និង​នៅ​គង់វង្ស​ជា​រៀង​រហូត​។

ឯក​ឧត្តម​កិត្តិបណ្ឌិត បាន​បន្តថា មាន​សុខ​សន្តិភាព ទើប​មាន​អ្វីៗ​ទាំង​អស់ នៅពេល​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​ប្រកាន់គោល​ជំហរ​រឹងមាំ និង​រក្សា​ជានិច្ច​នូវ​បុព្វ​ហេតុ​បម្រើ​ជាតិ និង​ប្រជាជន ដោយ​ក្នុង​នេះ កម្មវិធី​នយោបាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស ក៏បាន​ប្រែ​ក្លាយ​ជាគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៅ​រៀង​រាល់​អាណត្តិ​នយោបាយ បន្ទាប់ពីជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត ហើយគោល​នយោបាយ​ទាំង​នេះ ក៏​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្មពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ស្រទាប់ ដែល​ជា​កម្លាំង​ចលករ​ដ៏មុត​ស្រួច​។

ឯក​ឧត្តម​កិត្តិបណ្ឌិត បាន​អះអាងថា ដើម្បី​រក្សា​សន្តិ​សុខ ស្ថិរ​ភាព​នយោបាយ​នៅ​កម្ពុជា យើង​ត្រូវ​ចូល​រួម​ថែរក្សា​ទាំង​អស់​គ្នា​បន្ត​ទៅទៀត កុំជឿ​ការ​ញុះញង់​របស់​ពួកជន​អគតិ ដែល​មាន​បំណង​បំផ្លិច​បំផ្លាញ​ដល់​សុខ​សន្តិភាព​នៅ​កម្ពុជា និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​៕