រដ្ឋាភិបាល​កំពុងតែ​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៦ថ្មី ៤គន្លង ពី​រង្វង់​មូល​ស្គន់​កំពង់ចាម ទៅ​ខេត្តសៀមរាប

ភ្នំពេញ ៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងឱ្យដឹងថា រដ្ឋាភិបាល​បាននិងកំពុង​តែ​សិក្សា​គ្រោង​រៀបចំ​ស្ថាបនា​ផ្លូវជាតិ​លេខ៦ថ្មី ត​ភ្ជាប់​ពី​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ឆ្ពោះទៅ​ខេត្តសៀមរាប សង់​ចេញ​ជា ៤គន្លង ក្នុង​គោលបំណង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន និង​សម្រួល​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​កាលបរិច្ឆេទ​តែប៉ុណ្ណោះ​នោះ​នៅ​មិនទាន់​កំណត់​ទេ។

ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ចុះ​សិក្សា​វាយតម្លៃ​រួចហើយ គឺ​ផ្លូវជាតិ​លេខ ៦ថ្មី នេះ​មាន​បួន​គន្លង​ដូចគ្នា​នឹង​ផ្លូវជាតិ​លេខ ៦A ពី​ភ្នំពេញ​មកកាន់​រង្វង់​មូល​ស្គន់​ដែល​បាន​ស្ថាបនា​រួចហើយនោះ។ ក្នុងនោះ​រដ្ឋបាលខេត្ត​នឹង​ស្នើសុំ​ឱ្យ​ខាង​អ្នកជំនាញ​រៀបចំ​ប្រព័ន្ធ​លូ​ជ្រុង​ដែល​ធានា​ដល់​សុវត្ថិភាព​ពេល​ភ្លៀង​ធ្លាក់​មិន ឱ្យ​កកស្ទះ ជន់​លិច​ថ្នល់​ឡើយ។

អភិបាលខេត្ត​រូបនេះ​បញ្ជាក់ថា ដូច្នេះ​សូម​ប្រជាពលរដ្ឋ​រង់ចាំ​បន្តិច​សិន ពិសេស​ប្រសិនបើ​យើង​សង់​ប្រព័ន្ធ​លូ តាម​សំណើ​នោះ គឺ​នឹង​ប៉ះពាល់​ដល់​ការពង្រីក​ថ្នល់ជាតិ​បួន​គន្លង​នាំឱ្យ​មានការ​ឈូសឆាយ​លូ​នោះ​ចោល នឹង ខាតបង់​ឥតប្រយោជន៍​មិន​ខាន។

ក្រោយពី​សំណើសុំ​សាងសង់​ប្រព័ន្ធ​លូ​អម​ផ្លូវជាតិ​លេខ៦ ពី​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ដល់​ព្រំប្រទល់​ខេត្ត កំពង់ធំ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ឆ្លើយតប​នឹង​សំណើ​នោះ​ថា ទាក់ទង​នឹង សំណើសុំ​សាងសង់​ប្រព័ន្ធ​លូ​ខាងលើ​គួរ​រង់ចាំ​បន្តិច​សិន ព្រោះ​ត្រូវ​គិតគូរ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាមុនសិន៕

#អរគុណសន្តិភាព