សភាពាណិជ្ជកម្ម​អាមេរិក​ព្រមាន៖ សហរដ្ឋអាមេរិក នឹង​ត្រូវគេ​ព្រលែង​ចោល ក្រោយ ១៥ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក ចុះ​កិច្ចព្រមព្រៀង RCEP

សហរដ្ឋអាមេរិក  ៖ សភាពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក(US Chamber of Commerce) បានបង្ហាញ​ក្ដីកង្វល់​កាលពី​ថ្ងៃ​ម្សិលមិញ(ទី១៦ វិច្ឆិកា)ថា អាមេរិក​កំពុង​ត្រូវគេ​ព្រលែង​ចោល ក្រោយពី ១៥ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក ចាប់ដៃគ្នា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី ធំ​បំផុត​ក្នុង​ពិភពលោក ដែលជា​ការបង្កើន​តួនាទី​របស់​ចិន ក្នុងឋានៈ អ្នកដឹកនាំ​ពាណិជ្ជកម្ម​ក្នុង​ភូមិភាគ។

សភាពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ផលប្រយោជន៍ ដែល​នឹង​បានទទួល​ពី​កិច្ចព្រមព្រៀង​ភាគហ៊ុន​ទូលំទូលាយ​សេដ្ឋកិច្ច​ភូមិភាគ (Regional Comprehensive Partnership Agreement-RCEP) និង​បាន​បញ្ជាក់ថា អ្នក​នាំចេញ ពលករ និង​កសិករ​ជនជាតិ​អាមេរិក ចាំបាច់​យ៉ាង​ខ្លាំ​ក្នុងការ​ត្រូវ​ចូលទៅ​ឱ្យដល់​ទីផ្សារ​អាស៊ី​ថែម​ឡើង​ទៀត តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​នៅតែ​មិន​គាំទ្រ​ឱ្យ​សហរដ្ឋ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះដែរ។

RCEP ដែល​ប្រកបដោយ ១០ប្រទេស​ក្នុង​អាស៊ាន បូក​ជាមួយ​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នី​វ​ហ្ស៊ី​លែ​ន​ដ៍ គ្របដណ្ដប់​លើ​ប្រជាជន​រួមគ្នា​ប្រមាណ​ជា ២២០០លាន​នាក់ និង​គិត​ជា GDP រួមគ្នា ខ្ពស់​ដល់​ទៅ ៣០% របស់​ពិភពលោក ដោយ​កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​គាំទ្រ​ឱ្យ​ប្រទេស​សមាជិក​កាត់បន្ថយ​កំពែង​ភាស៊ី និង​បង្កើន​ការចូលទៅ​ដល់ទី​ផ្សា​ររ​បស់​គ្នា​ទៅវិញទៅមក។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែល​មិនបាន​មាន​ចំណែក​រួម ទាំង​ជាមួយ RCEP និង​កិច្ចព្រមព្រៀង​ភាគហ៊ុន​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ភូមិភាគ​ប៉ា​ស៊ី​ហ្វ៊ិ​ក(Trans-Pacific Partnership- TPP) កំពុង​ក្លាយជា​មហាអំណាច​ធំ​បំផុត ដែល​ត្រូវបាន​រារាំង ចេញពី​ក្រុម​ពាណិជ្ជកម្ម​ក្នុងភូមិ​ភាគ ដែល​រីកចម្រើន​ធំធាត់​លឿន​បំផុត​ក្នុង​ពិភពលោក។

លោក ម៉ៃ​រ៉​ន ប្រ៊ី​ល​លៀន អនុប្រធាន​គណៈកម្មកា​រ​គ្រប់គ្រង​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់ថា ទោះជា​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ប្រើ​នយោបាយ​ប្រឆាំងនឹង​ទង្វើ​ពាណិជ្ជកម្ម ដែល​មិន​យុត្តិធម៌​របស់​ចិន​ក្ដី ប៉ុន្តែ​យុទ្ធសាស្ត្រ​នោះ បែរជា​មិនបាន​ជួយ​ឱ្យ​អ្នក​នាំចេញ​អាមេរិក បានទទួល​ឱកាសថ្មីៗច្រើន​ប៉ុន្មាន​ឡើយ​នៅក្នុង​ទ្វីបអាស៊ី។

កាលពី​ឆ្នាំ២០១៧ លោក​ត្រាំ បាន​នាំ​សហរដ្ឋអាមេរិក ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង TPP ដែល​អាច​រាប់បាន​ថា ជា​បេះដូង​ចម្បង​របស់​យុទ្ធសាស្ត្រ “ដោត​ភ្ជាប់​អាស៊ី” ដោយ​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​តាំងពី​ពេល​នោះមក សហរដ្ឋអាមេរិក ក៏​មិនដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ ដែល​គ្របដណ្ដប់​នៅក្នុង​ទ្វីបអាស៊ី​ទៀតឡើយ។

“ដោយសារតែ RCEP នៅមាន​ចំណុច​អន់​ច្រើន​ប្រការ ទើប​យើង​មិន​គាំទ្រ​ឱ្យ​សហរដ្ឋអាមេរិក ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ” លោក​ប្រ៊ី​ល​លៀន បាន​ថ្លែង​បែបនេះ ព្រមទាំង​យោង​លើ​កិច្ចព្រមព្រៀងថ្មីៗ របស់​អាមេរិក ដែលមាន​លក្ខខណ្ឌ​ដែល​ល្អិតល្អន់​ជាង និង​អាច​កំណត់​ដាក់​ឱ្យប្រើ​បាន​មែនទែន ទាំង​ក្នុង​រឿង​ពាណិជ្ជកម្ម​ឌីជីថល ការកាត់បន្ថយ​កំពែង​ភាស៊ី និង​ការការពារ​កម្មសិទ្ធិ​ខាង​បញ្ញា។

“យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​នឹងត្រូវ​ប្រើការ​ព្យាយាម​ខាង​យុទ្ធសាស្ត្រ ដែល​សង្កត់ធ្ងន់​លើ​ការ​សម្លឹងមើល​ទៅមុខ(Forward-looking) ដើម្បី​រក្សា​នូវ​ឥទ្ធិពល​ខាង​សេដ្ឋកិច្ច​ក្នុងភូមិ​ភាគ មិន​ដូច្នេះ​ទេ យើង​ក៏​នឹង​ត្រូវគេ​ព្រលែង​ចោល ឱ្យ​ក្លាយជា​មនុស្ស​ក្រៅ​ឆាក ដែល​បានត្រឹមតែ សម្លឹងមើល​កំណប់ទ្រព្យ​ចម្បង ដំណើរការ​សេដ្ឋកិច្ចពិភពលោក​ពី​ចម្ងាយ​តែប៉ុណ្ណោះ”

លោក ប្រ៊ី​ល​លៀន បាន​បង្ហាញថា តម្លៃ​សរុប​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ទៅក្នុង​ទីផ្សារ​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក រីក​ធំធាត់​ជា​បន្តបន្ទាប់ ក្នុងអំឡុង​ច្រើនសិប​ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិកាំង បែរជា​ទទួលបាន​ចំណែក​បែងចែក​ទីផ្សារ​កាន់​តិច​ទៅ។

លោក បានបញ្ជាក់​អំពី​ភាព​សំខាន់ របស់​ទីផ្សារ​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក ដោយយោង​លើ​អត្រា​ការរីក​ធំធាត់​មិន​ទាប​ជាង ៥%ឡើយ ក្នុង​ឆ្នាំ២០២១ និង​ការពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​អតិថិជន​ដែលជា​មនុស្ស​ថ្នាក់កណ្ដាល៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

#អរគុណសន្តិភាព