ប្រជាពលរដ្ឋ​ចំនួន១៩ខេត្ត​ទទួលបាន​អំណោយ​ជំនួយ និង​គ្រាប់ពូជ​សម្រាប់​បង្កើន​ការដាំដុះ​រួចរាល់​ហើយ

ភ្នំពេញ ៖ តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ចំនួន១៩ខេត្ត បានទទួល​ពូជស្រូវ និង​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​គ្រប់គ្នា​ហើយ ដើម្បី​ស្តារ​ការដាំដុះ​ឡើងវិញ បន្ទាប់ពី​ទឹក​ស្រក​អស់ ។

ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​មានប្រសាសន៍ថា គិត​រហូតមក​ដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមទាំង ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី​នៅតាម​បណ្តា​ខេត្ត បានរួម​សហការគ្នា នាំយក​នូវ​អំណោយ និង ចែក​ពូជស្រូវ ជាង ៦៤៣៤ តោន និង​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​ចំនួន៦មុខ សរុប ៥៨,២៤៧កញ្ចប់ ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ តែ​ទឹកជំនន់​តាម​បណ្តា​ខេត្ត​ចំនួន ១៩ រួចរាល់​អស់ហើយ។

ឯកឧត្តម​បញ្ជាក់ថា “ក្រសួង​និង​បន្ត​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរ​ដែនដី គ្រប់​បណ្តា​ខេត្ត​ទាំងអស់ ចុះ​ស្រាវជ្រាវ​ពី​តម្រូវការ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​បន្ថែមទៀត ដើម្បី​យក​ពូជស្រូវ និង ពូជ​ដំណាំ​រួមផ្សំ ចែកជូន​ប្រជាពលរដ្ឋ​តាម​សេចក្តីត្រូវការ”។

ឯកឧត្តម​បន្តថា “យើង​មាន​យន្ត​ការដែល​មានចែង​នៅក្នុង​អនុក្រឹត្យ ស្តីពី​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា នៅពេលដែល​យើង​ជួបប្រទះ នូវ​គ្រោះធម្មជាតិ គឺ​មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​តាម​ឃុំ ស្រុក រហូតដល់​ខេត្ត ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការ ខូចខាត ក្រោយពី​យើង​បានទទួល​តួលេខ​នៃ​ផ្ទៃដី​ខូចខាត​និង​ចំនួន​គ្រួសារ​ដែល​ទទួលរង​គ្រោះ​នោះ នៅពេលនោះ គឺ​អាជ្ញាធរខេត្ត​និង​ស្នើសុំ​គ្រាប់​ពូជស្រូវ និង​គ្រាប់ពូជ​ដំណាំផ្សេងៗទៅតាម​តម្រូវការ​ជាក់ស្ដែង​មក​ក្រសួងកសិកម្ម ឬ​ស្នើ​ទៅ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​បញ្ចេញ​ពូជ​ទៅតាម​កម្រិត​ទំហំ​នៃ​ការខូចខាត”។

ឯកឧត្តម​បាន​បន្តទៀតថា ប​ច្នុ​ប្បន្ន​នេះ​ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​បច្ចេកទេស ចុះ​តាមដាន និង​អប់រំ​កសិករ ដែល​ទទួលបាន គ្រាប់ពូជ​ដំណាំ អំពី​បច្ចេកទេស​ប្រើប្រាស់​គ្រាប់ពូជ បច្ចេកទេស​ដាំ​ដុះ ថែទាំ និង​វិធាន​កម្ចាត់​សមាសភាព​ចង្រៃ ដើម្បី​ធានា​ការបង្កើន​ទិន្នផល​ឱ្យបាន​ខ្ពស់​ជា​អតិបរមា ។

កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ ត្រូវ​រៀបចំ​ផែនការ​ផលិតកម្ម ឱ្យបាន​ច្បាស់លាស់ ដោយ​ពិនិត្យ​ទៅលើ​ស្ថានភាព​ប្រភពទឹក និង​បរិ​មាណទឹក​ដែលមាន​នៅតាម​តំបន់នីមួយៗ សម្រាប់ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ដើម្បី​បញ្ចៀស​ការខ្វះខាត​ទឹក​ស្រោចស្រព នៅ​ចុងរដូវ​ដែល​អាច​បណ្តាលឱ្យ​ថយចុះ ទិន្នផល ឬ​បាត់បង់​ទិន្នផល​ស្រូវ​ទាំងស្រុង៕

#អរគុណសន្តិភាព