ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក!!  អង់គ្លេស​អនុម័ត​ប្រើ​វ៉ាក់សាំង​កូ​វីដ-១៩ របស់ Pfizer ដោយ​នឹង​ចាប់ផ្ដើម​ចាក់ នៅ​សប្ដាហ៍​ក្រោយ

បរទេស៖ អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​អនុម័ត​ការប្រើប្រាស់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-១៩ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វ៉ៃ​ហ្ស៊ើ​រ (Pfizer) និង​បៃ​អូ​អ៊ែន​ថេ​ក (BioNTech) កាលពី​ថ្ងៃទី២ ធ្នូ ម្សិលមិញ ដោយមាន​កំណត់​ចែកចាយ​វ៉ាក់សាំង​នេះ ទៅឱ្យ​ប្រជាជន ២០លាន​នាក់ ចាប់តាំងពី​អំឡុង​ដើម​សប្ដាហ៍​ក្រោយនេះ​តទៅ។

មនុស្សម្នា​ទូទាំង​ពិភពលោក ម្នាក់ៗសុទ្ធតែ​ទន្ទឹង រង់ចាំ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ដែល​នឹង​ជួយឱ្យ​ការ​ដំណើរការ​ជីវិត​រស់នៅ វិលត្រឡប់​ទៅរក​សភាវ​ប្រក្រតី​ឡើងវិញ​ជាថ្មី ក្រោយ​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ ក្នុងឆ្នាំនេះ ដែល​បាន​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​ខ្ទេចខ្ទី​យ៉ាប់យ៉ឺន និង​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ១,៥លាន​នាក់។

“ថ្ងៃនេះ រដ្ឋាភិបាល បាន​យល់ស្រប តាម​ការណែនាំ ពី​ទីភ្នាក់ងារ​គ្រប់គ្រង​មើល​ការខុសត្រូវ​ផ្នែក​ផលិតផល​ខាង​សុខភាព និង​ថ្នាំ (Medicines and Healthcare products Regulatory Agency ឬ MHRA) និង​បាន​ធានារ៉ាប់រង​ការប្រើប្រាស់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អ៊ែន​ថេ​ក” រដ្ឋបាល​អង់គ្លេស បានបញ្ជាក់​បែបនេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍។

“វ៉ាក់សាំង មួយ​នេះ នឹងត្រូវ​នាំយកមក​ចែកចាយ​ទូទាំង​សហ​រាជអាណាចក្រ ចាប់តាំងពី​សប្ដាហ៍​ក្រោយនេះ​តទៅ”

រដ្ឋបាល​អង់គ្លេស បានធ្វើ​កិច្ចសន្យា​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ ពី​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ ចំនួន ៤០លាន​ដូ​ស ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ប្រជាជន ២០លាន​នាក់ ដោយ​គណៈកម្មការ​ផ្នែក​វ៉ាក់សាំង នឹង​ពិចារណា​ថា តើ​មនុស្ស​ក្រុម​ណា ដែល​ចាំបាច់​ត្រូវ​បានទទួល​វ៉ាក់សាំង​ដំបូង​គេ ឧទាហរណ៍​ដូចជា អ្នក​ដែល​ស្នាក់​នៅតាម​មណ្ឌល​ជួយសង្គ្រោះផ្សេងៗ មន្ត្រី​សុខភាព​សាធារណៈ មនុស្ស​ចាស់ ឬ​អ្នក​ដែលមាន​ភាព​ប្រឈម​ខ្លាំង​ជាពិសេស ជាដើម។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អ៊ែន​ថេ​ក និង​វ៉ាក់សាំង​ពី “ម៉ូ​ឌើ​ណា” ក្រុមហ៊ុន​ផ្នែក​តិច​ណូ​ឡូ​ជីសរីរាង្គ​របស់​សហរ​ដ្ឋ​អាមេរិក សុទ្ធ​តែមាន​លទ្ធផល​ការសាកល្បង ដែល​អះអាង​ពី​ប្រសិទ្ធភាព ក្នុងការ​ការពារ​មេរោគ​កូ​វីដ-១៩ ខ្ពស់ជាង ៩០% ដោយ​ទាំង ២ប្រភេទ សុទ្ធតែជា​វ៉ាក់សាំង​បែប​កាត់ត​សារធាតុ​ចម្លង​ពូជ ឬ​ដែល​ហៅថា RNA (mRNA) ។

ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​បញ្ជាក់ថា ការអនុម័ត​ប្រើ​វ៉ាក់សាំង ជា​ករណី​ប្រញាប់​បន្ទាន់ នៅក្នុង​ប្រទេស​អង់គ្លេស​នេះ ជា​អំឡុងពេល​ដ៏​សំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

លោក អាល់​ប៊ើ​ត ប៊ូ​ឡារ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​ថ្លែងថា “ការធានារ៉ាប់រង​នេះ គឺជា​គោលដៅ ដែល​ពួកយើង​គ្រប់គ្នា បាន​នឹក​រំពឹងទុក​រហូតមក ចាប់តាំងពី​យើង​ចេញមក​ប្រកាស​លើកដំបូង​ថា “វិទ្យាសាស្ត្រ​ត្រូវតែ​ឈ្នះ!” ហើយ​យើង​សូម​កោតសរសើរ MHRA ដែល​បាន​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ និង​សម្រេចចិត្ត​ដំណើរការ​យ៉ាងភ្លាមៗ ដើម្បី​ការពារ​ពលរដ្ឋ​របស់​សហ​រាជអាណាចក្រ”

លោក មែ​ត​ត៍ ហ៊ែ​ន​ខុ​ក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស បាន​ទទួលស្គាល់ថា “ជា​ដំណឹង​ល្អ​ខ្លាំងណាស់” ព្រមទាំង​បានប្រកាសថា គ្រោង​ការចែក​វ៉ាក់សាំង​កូ​វីដ-១៩ នឺង​ចាប់ផ្ដើម​តាំងពី​សប្ដាហ៍​ក្រោយ​តទៅ ដោយ​មន្ទីរពេទ្យ​ទូទាំងប្រទេស​អង់គ្លេស បាន​ត្រៀមខ្លួន​រួចស្រេច​ហើយ ដើម្បី​ធ្វើការ​ចាក់​វ៉ាក់សាំង​នេះ​ជូន​ប្រជាជន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ និង BBC

#អរគុណសន្តិភាព