ស្ត្រីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ទាមទារសំណង $២លាន ពីរដ្ឋបាលមីយ៉ាន់ម៉ា ករណីស្វាមី ត្រូវទាហានសម្លាប់កាលឆ្នាំ២០១៧

បរទេស៖ ស្រ្តីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កំពុងព្យាយាមក្នុងការទាមទារប្រាក់ចំនួន ២លានដុល្លារអាមេរិក ដើម្បីជាសំណង លើការស្លាប់របស់ស្វាមីអ្នកស្រី ដែលត្រូវទាហានរបស់រដ្ឋបាលមីយ៉ាន់ម៉ា សម្លាប់ក្នុងអំឡុងការបង្ក្រាបនៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសកាលពីឆ្នាំ២០១៧។

ស្ថាប័ន Legal Action Worldwide (LAW) និងក្រុមហ៊ុន McDemott Will & Emery ដែលជាក្រុមហ៊ុនច្បាប់រវាងប្រទេស បានបញ្ជាក់ថា ពួកគេបានដាក់ពាក្យទាមទារ កាលពីថ្ងៃព្រហស្បតិ៍(ទី១០ធ្នូ) ទៅគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមរបស់លោក សេថារ៉ា បេគុម ដែលជាស្វាមីរបស់ស្ត្រីឈ្មោះ ឆូកេត អ៊ុលឡាហ៍ ដែលបានសម្លាប់នៅឯភូមិ អ៊ិនឌីន ក្នុងរដ្ឋយ៉ៈខៃ។

បណ្ដឹងរបស់អ្នកស្រី អ៊ុលឡាហ៍ អាចហៅបានថា ជាការទាមទារលើកដំបូង ក្នុងរឿងដែលពាក់ព័ន្ធនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលត្រូវបានដាក់ទៅគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ា។ នេះតាមបញ្ជាក់របស់សា្ថប័ន LAW។

សា្វមីរបស់អ្នកស្រី អ៊ុលឡាហ៍ ជាមនុស្សម្នាក់នៅក្នុងក្រុមបុរស និងក្មេងប្រុស ១០នាក់ ដែលត្រូវទាហាន និងអ្នកស្រុកសម្លាប់ ហើយកប់នៅក្នុងរណ្ដៅសាកសពរាក់ៗ ក្នុងខែកញ្ញា ឆ្នាំ២០១៧។ នេះបើតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ថា កងទ័ពបានសម្រេចដាក់ទោសទៅលើទាហានដែលទទួលខុសត្រូវក្នុងហេតុការណ៍នោះ ដោយការដាក់ពន្ធនាគារ និងបង្ខំឱ្យធ្វើការជាទម្ងន់រយៈពេល ១០ឆ្នាំរួចហើយ តែបើតាមអ្នកស្រីអ៊ុលឡាហ៍ បាននិយាយថា ពួកទាហានទាំងនោះ បានទទួលការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីទទួលទោស បានមិនដល់ទាំង ១ឆ្នាំផង។

អ្នកស្រីអ៊ុលឡាហ៍ បានថ្លែងនៅក្នុងពាក្យថ្លែងការណ៍ថា “ប្ដីរបស់ខ្ញុំត្រូវបានសម្លាប់ ហើយមីយ៉ាន់ម៉ា បានដោះលែងពួកទាហានទាំងនោះឱ្យមានសេរីភាពវិញ ខ្ញុំកំពុងស្វែងរកយុត្តិធម៌ឱ្យប្ដីរបស់ខ្ញុំ និងដើម្បីជនជាតិរ៉ូហ៊ីងយ៉ាគ្រប់រូបដែលប្រឈមនឹងបញ្ហាបែបដូចគ្នានេះ”

លោក វ៉ា ឡូន និងលោក ច សូអ៊ូ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលចេញរបាយការណ៍ស៊ើបអង្កេតហេតុការណ៍សម្លាប់មនុស្សនោះ ត្រូវជាប់ពន្ធនាគារយូរជាង ១៦ខែ ក្រោយត្រូវតុលាការកាត់ក្ដី ពីបទចោទ “គ្រប់គ្រងការសម្ងាត់របស់រដ្ឋ” តែពួកគេបានទទួលការលើកលែងទោស ក្នុងខែឧសភា ឆ្នាំ២០១៩។

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ច្រើនជាង ៧៣០ ០០០នាក់ ត្រូវបានរុញច្រានឱ្យត្រូវភៀសខ្លួន ទៅជ្រកកោននៅក្នុងប្រទេសបង់ក្លាដែស ក្នុងអំឡុងការបង្ក្រាបដ៏ឃោរឃៅមួយ របស់ក្រុមទាហាន កាលពីឆ្នាំ២០១៧ ដែលអង្គការសហប្រជាជាតិ ហៅថា ជាការកាប់សម្លាប់ ដែលមានចេតនាប្រល័យពូជសាសន៍។

ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹងបទចោទប្រកាន់ពីការសម្លាប់ប្រល័យពូជសាសន៍ ដែលតុលាការអន្តរជាតិក្នុងទីក្រុងឡាអេ និងតុលាការអាជ្ញាអន្តរជាតិ បានអនុម័តរួចហើយ ឱ្យមានការស៊ើបអង្កេតលើការបង្កបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមួយនេះ។

តែ ប្រទេសមីយ៉ាន់ម៉ា បានបដិសេធ ការសម្លាប់ប្រល័យពូជសាសន៍ ដោយបានបញ្ជាក់ថា កងកម្លាំងទាហានរបស់រដ្ឋ បានដំណើរការកិច្ចប្រតិបត្តិការសន្តិសុខជាតិ ដែលត្រឹមត្រូវតាមច្បាប់ ទៅលើក្រុមអ្នកបង្កភាពអសន្តិសុខ ដែលបានវាយប្រហារមកលើប៉ុស្តប៉ូលិស។

ខណៈពេលជាមួយគ្នា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋបាលមីយ៉ាន់ម៉ា បានថ្លែងថា ការល្មើសណាមួយក៏ដោយ យើងអាចចាត់ការវាបានដោយប្រព័ន្ធយុត្តិធម៌របស់ប្រទេស ហើយកាលពីឆ្នាំមុន រដ្ឋបាលរបស់លោកស្រី បានអញ្ជើញឱ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បញ្ជូនពាក្យបណ្ដឹងមកគណៈកម្មការសិទ្ធិមនុស្ស៕

ប្រភព៖ សារព័ត៌មានអន្តរជាតិ

ប្រែ និងសម្រួលដោយ តាវ៉ែនតា

#អរគុណសន្តិភាព