ស្ថានការណ៍​កូ​វីដ-១៩៖ លោក​ត្រាំ ផ្អាក មិនទាន់​ឱ្យ​ចាក់ “វ៉ាក់សាំង​កូ​វីដ” ឱ្យ​ខ្លួនឯង-មន្ត្រី​សេត​វិមាន ខណៈ​អឺរ៉ុប​នៅតែ​រាលដាល​ធ្ងន់ធ្ងរ ចំណែក​កូរ៉េខាងត្បូង មាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​ក្នុង​ក្រុង​សេ​អ៊ូ​ល

អាមេរិក៖  ត្រៀម​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន តាំងពី​ថ្ងៃ​ចន្ទ(ទី១៤ធ្នូ) ខណៈ​លោក​ត្រាំ បាន​ចេញមក​អះអាងថា ខ្លួន​លោក និង​មន្ត្រី​លំដាប់​ខ្ពស់​របស់​មន្ទីរ​សេត​វិមាន នឹងមិន​ទាន់​ចាក់​វ៉ាក់សាំង នៅពេលនេះ​ទេ។ សម្រាប់​ស្ថានការណ៍​ឆ្លង​រាលដាល​នៅតាម​ភូមិភាគផ្សេងៗ នៅតែ​ដុនដាប ប្រទេស​អាល្លឺម៉ង់ បញ្ជា​ឱ្យ​បិទ​តំបន់​មួយចំនួន រហូត​ឆ្លង​ឆ្នាំ ចំណែក​កូរ៉េខាងត្បូង ត្រៀម​បង្កើន​វិធានការ​កម្រិត​សកម្មភាព​ដើរហើរ​យ៉ាង​តឹងរ៉ឹង រហូត​ឡើងដល់​កម្រិត​ខ្ពស់បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជុំ​ទី។

ក្បួន​រថយន្ត​ដឹកទំនិញ​បំពាក់​បន្ទប់​ក្លាស្សេ​ត្រជាក់​ពិសេស បាន​រំកិល​ខ្លួន​ចេញពី​រោងចក្រ​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ ក្នុង​រដ្ឋ​មិ​ឈិ​ហ្គែ​ន តាំងពី​ថ្ងៃអាទិត្យ(ទី១៣ធ្នូ) ដើម្បី​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ដែល​បានទទួល​ការអនុម័ត​ឱ្យប្រើ​ក្នុងករណី​អាសន្ន ពី​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ របស់​សហរដ្ឋអាមេរិក ឬ FDA កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ចាក់ឱ្យ​ជនជាតិ​អាមេរិកាំង ដែលមាន​ភាព​ប្រឈម​ក្នុង​ការឆ្លង​ខ្ពស់បំផុត​មុនគេ ជា​ក្រុម​ដំបូង។

អ្នកបើករថយន្ត​រប​ស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ “Fadex” កំពុង​លើក​កេស​ផ្ទុក​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ/បៃ​អូ​អេ​ន​ថេ​ក ចូលក្នុង​មន្ទីរពេទ្យ រ៉ូ​ដ អៃ​លែ​ន​ដ៍ ក្នុង​ទីក្រុង ផ្រូ​វី​ឌែ​នស៍ រដ្ឋ​រ៉ូ​ដ អៃ​លែ​ន​ដ៍ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ(ទី១៤ធ្នូ)

លោក អ៊ែន​ឌី ប៊ី​សៀរ អភិបាលរដ្ឋ​ខេន​តាក់​គី បាន​សម្ដែង​ភាព​ជឿជាក់ថា នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​បាន នៅក្នុង​ថ្ងៃ​ចន្ទ។

ទាំងអស់នេះ វ៉ាក់សាំង​ឈុត​ដំបូង ចំនួន ២,៩លាន​ដូ​ស នឹង​បាន​ទ​ទទួល​ការចាត់​បញ្ជូន​ក្នុងអំឡុង​ថ្ងៃ​ពុធ (ទី១៦ធ្នូ) ហើយ​មន្ត្រី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ជនជាតិ​អាមេរិកាំង ២០លាន​នាក់ នឹង​បាន​ចាក់​វ៉ាក់សាំង​នេះ ក្នុងអំឡុងពេល​ចុងឆ្នាំ និង ១០០លាន​នាក់​ទៀត ក្នុងអំឡុង​ខែមីនា ឆ្នាំក្រោយ។

ចំណែក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើរ កាលពី​ថ្ងៃអាទិត្យ​ថា វ៉ាក់សាំង​កំពុងស្ថិត​ក្នុងការ​ចាត់​បញ្ជូន និង​សូមឱ្យ​អាមេរិក និង​ពិភពលោក ជាសះស្បើយ​ពី​កូ​វីដ។

នៅ​រាត្រី​ថ្ងៃអាទិត្យ មេដឹកនាំ​សហរដ្ឋអាមេរិក បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើរ​ម្ដង​ទៀតថា ខ្លួន​លោក និង​មន្ត្រីកំពូលៗរបស់​មន្ទីរ​សេត​វិមាន នឹងមិន​ទាន់​ចាក់​វ៉ាក់សាំង​នៅពេលនេះ​ទេ តែ​នឹង​រង់ចាំ​ពេលវេលា​ដែល​ស័ក្តិសម​ណាមួយ លើកលែង​តែមាន​ភាពចាំបាច់​ខ្លាំង​មែនទែន​ប៉ុណ្ណោះ។

មុនពេល​ដែល​លោក​ត្រាំ នឹង​សរសេរ​នៅក្នុង​ធ្វី​ត​ធើរ​របស់លោក អំពី​រឿងនេះ លោក ច​ន អាល់​យ៉ុ​ត អ្នកនាំពាក្យ​សភា​សន្តិសុខ​ជាតិ បាន​ថ្លែងថា មន្ត្រីកំពូលៗក្នុងគណៈ​គ្រប់គ្រង នីតិបញ្ញត្តិ និង​តុលាការ នឹង​បានទទួល​ការចាក់​វ៉ាក់សាំង​តាម​វិធានការ ដែល​បាន​កំណត់ទុក ដើម្បី​ធានាថា រដ្ឋបាល​នឹង​អាច​ប្រតិបត្តិ​ការងារ បានជា​បន្តបន្ទាប់ ក្នុងអំឡុងពេល​រោគរាតត្បាត ក្នុង​ស្ថានការណ៍​អាសន្ន​ផ្នែក​គ្រោះវិបត្តិ​ណាមួយ ខណៈដែល​ប្រភពព័ត៌មាន​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា បុគ្គល​សំខាន់​នៅក្នុង​មន្ទីរ​សេត​វិមាន និង​មន្ត្រី​មួយចំនួន​ក្នុងគណៈ​គ្រប់គ្រង គណៈ​នីតិបញ្ញត្តិ និង​តុលាការ នឹង​បានទទួល​ការចាក់​វ៉ាក់សាំង ក្នុងអំឡុងពេល ១០ថ្ងៃ​ខាងមុខ។

លោក អាល់​យ៉ុ​ត បាន​បញ្ជាក់ថា  ប្រជាជន​អាមេរិកាំង គួរតែ​ជឿជាក់ថា យើង​បានទទួល​វ៉ាក់សាំង ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ក្នុង​កម្រិត​ដូចគ្នា​នឹង​មន្ត្រីរដ្ឋបាល​បានទទួល​ដែរ តាម​ការណែនាំ​របស់​អ្នកជំនាញការ​ផ្នែក​សុខភាព​សាធារណៈ និង​អ្នកដឹកនាំ​ផ្នែក​សន្តិសុខ​ជាតិ។

តែ​យ៉ាងណាក្ដី មិនមាន​ទិន្នន័យ​ថា លោក​ចូ​បៃ​ដិ​ន និង​លោកស្រី​ខា​ម៉ា​ឡា ហ៊ែ​រី​ស អនាគត​ប្រធានាធិបតី និង​អនាគត​អនុ​ប្រធានាធិបតី មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត រួមទាំង​សមាជិក​ក្នុង​ក្រុម​ផ្ទេរ-ប្រគល់​អំណាច នឹង​បានទទួល​ការចាក់​វ៉ាក់សាំង ក្នុង​ឈុត​នេះ ឬក៏​យ៉ាងណា​នោះទេ។

ប្រទេស​អាមេរិក ចាប់ផ្ដើម​ចែកចាយ​វ៉ាក់សាំង ខណៈដែល​ស្ថានការណ៍​ការឆ្លង​រាតត្បាត នៅតែ​ស្ថិតក្នុង​សភាព​គួរឱ្យ​ព្រួយបារម្ភ ដោយមាន​ចំនួន​អ្នកស្លាប់​ជាង ២៩៩ ០០០នាក់ និង​ចំនួន​អ្នក​ឆ្លង​សរុប ១៦,២លាន​នាក់ ដែល​រួមទាំង​ករណីថ្មីៗ ជាង ១,៥លាន​នាក់ ក្នុង​រយៈពេល ត្រឹមតែ ១សប្ដាហ៍​កន្លងមក​ប៉ុណ្ណោះ។

សម្រាប់​ទូទាំង​ពិភពលោក ខណៈ​នេះ​មាន​អ្នកស្លាប់​យ៉ាងតិច ១,៦លាន​នាក់ និង​ឆ្លង​មេរោគ ៧១,៦លាន​នាក់។

ស្ថានការណ៍​នៅក្នុង​អឺរ៉ុប ក៏​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំង​ណាស់ដែរ ដោយនៅ​ប្រទេស​អាល្លឺម៉ង់ រដ្ឋបាល​បានប្រកាស​ចាប់ផ្ដើម​បិទ​ទីតាំង​មួយចំនួន តាំងពី​ថ្ងៃ​ពុធ​ទៅ ដោយ​ការបិទ​ហាង​លក់ទំនិញ​ណា​ដែល​មិនចាំបាច់ និង​សាលារៀន រហូតដល់​ថ្ងៃទី១០ មករា ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​ដែល​កំពុង​ហក់​ឡើង​ខ្លាំង។

សប្ដាហ៍​កន្លងទៅ ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប​មួយ​នេះ មាន​អ្នកស្លាប់​ក្នុង ១ថ្ងៃ ៦០០នាក់ និង​មាន​ស្ថិតិ​អ្នក​ឆ្លង​មេរោគ កើនឡើង​ជាង ៣ដង កាលពី​អំឡុង​ពេលដែល​កូ​វីដ​ឆ្លង​រាលដាល​ខ្លាំង​បំផុត ក្នុង​រដូវ​ស្លឹកឈើ​លាស់។

ចំណែក​ប្រទេស​អ៊ីតាលី លោក​រ៉ូ​ប៊ើ​តូ ស្ពេ​រេ​ន​ហ្សា រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល បាន​ដាស់តឿន​ថា ក្នុងអំឡុង​រដូវ​កាល​បុណ្យ​គ្រី​ស្ត​ស្មាស់ ដែល​កំពុង​ជិត​មកដល់​នេះ ប្រហែលជា​នៅតែ​មិនអាច​បង្ក្រាប​ការឆ្លង​រាលដាល​ដ៏​ធំ​នេះ​បានទេ ដោយ​ចុងក្រោយ​បំផុត​នេះ ចំនួន​អ្នកស្លាប់​នៅក្នុង​ដែនដី​នំ​ម៉ា​ការ៉ូ​នីមួយ​នេះ បាន​កើន​ឡើងដល់ ៦៤ ៥២០នាក់ វ៉ា​ដាច់​ប្រទេស​អង់គ្លេស(៦៤ ២៦៧នាក់) ក្លាយជា​ប្រទេស​ដេ​ល​មាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ-១៩ ច្រើនជាងគេ​បំផុត​ក្នុង​ទ្វីបអឺរ៉ុប។

នៅ​ទ្វីបអាស៊ី​វិញ រដ្ឋបាល​ប្រទេស​កូរ៉េខាងត្បូង បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​ទាំងអស់​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ ចាប់តាំងពី​ថ្ងៃនេះ(អង្គារ​ទី១៥ធ្នូ) រហូតដល់​ដាច់​ខែ ដើម្បី​ប្រយុទ្ធ​ជាមួយ​ការឆ្លង​រាលដាល​ជុំ​ទី៣ របស់​មេរោគ​វីរុស​កូ​រ៉ូ​ណាមួយ​នេះ និង​មាន​សញ្ញា​ថា មិនយូរប៉ុន្មាន​ទៀត ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លំដាប់​ទី៤ របស់​ទ្វីបអាស៊ី​មួយ​នេះ អាច​នឹងត្រូវ​បង្ខំចិត្ត ប្រើ​វិធានការ​រក្សា​គម្លាត​រវាង​គ្នា​ខាង​សង្គម កម្រិត៣ ដែលជា​កម្រិត​ខ្ពស់បំផុត និង​មានន័យ​ពី​ការបិទ​ទីក្រុង​ជា​បណ្ដោះអាសន្ន ដែលជា​រឿង​មួយ ដែល​រដ្ឋបាល​ប្រទេស​កូរ៉េខាងត្បូង ព្យាយាម​ចៀសវាង​មករ​ហូត។

ទាំងអស់នេះ ទីភ្នាក់ងារ​គ្រប់គ្រង និង​ការពារ​រោគ​នៃ​ប្រទេស​កូរ៉េ(KCDA) បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា រកឃើញ​ករណី​ថ្មិ ៧១៨នាក់ ថយចុះ​ពី​ចំនួន​ខ្ពស់បំផុត​ប្រចាំថ្ងៃ ១ ០៣០នាក់ កាលពី​ថ្ងៃអាទិត្យ ដោយ​ក្នុង​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ទាំងអស់ ៦៨២នាក់ ជាការ​ឆ្លង​នៅក្នុង​ប្រទេស និង​ភាគច្រើន​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​អ៊ី​ន​ឆន់ និង​ខេត្ត គ​យង់​គី។

បច្ចុប្បន្ន កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​មេរោគ​សរុប ចំនួន ៤៣ ៤៨៤នាក់ និង​ស្លាប់ ៥៨៧នាក់។

រដ្ឋបាល​កូរ៉េខាងត្បូង បានចាប់ផ្ដើម​គ្រោងការ​តាមដាន​អ្នក​ប៉ះពាល់​ជំងឺ ដ៏​ធំ​មួយ​ឡើង ដោយ​ប្រើ​កម្លាំង​ទាហាន ប៉ូលិស និង​អាជ្ញាធរផ្សេងៗ ជាច្រើន​រយ​នាក់ ខណៈដែល​អ្នកជំនាញ​មួយចំនួន ដូចជា​លោក គីម ដុង ហ​យុន នាយក​សមាគម​រោគ​ឆ្លង​វិទ្យា នៃ​ប្រទេស​កូរ៉េ និង​លោក​សាស្ត្រាចារ្យ​គណៈ​វេជ្ជសាស្ត្រ មហាវិទ្យាល័យ​ហាល់​លីម បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​សង្គម ខំព្យាយាម​ឱ្យ​ខ្លាំង​ឡើង ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ឱ្យបាន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ, AFP និង AP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព