ទៀតហើយ ម្ដងនេះ​រើសអើង​ភេទ ពេក​ទេ​ដឹង!! លោក​ឌូ​ទើ​តេ បញ្ជាក់ថា មនុស្ស​ស្រី មិន​ស័ក្តិសម​នឹង​តំណែង​ប្រធានាធិបតី​ទេ

វ៊ី​លី​ពី​ន៖ លោក​រ៉ូ​ឌ្រី​កូ ឌូ​ទើ​តេ មេដឹកនាំ​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ម្សិលមិញ (ទី១៤មករា) បានប្រកាសថា តំណែង​ប្រធានាធិបតី មិនមែនជា​ការងារ​ស​ម្រា​ប់​មនុស្ស​ស្រី​ទេ ដោយសារតែ​អារម្មណ៍ និង​ការយល់ឃើញ​របស់​ស្ត្រី ខុសគ្នា​ពី​បុរស និង​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ដែលថា កូនស្រី​របស់លោក នឹង​ឈាន​ឡើងមក​បន្ត​តំណែង អំពី​លោក​នៅ​ឆ្នាំ​ខាងមុខនេះ។

“កូនស្រី​របស់ខ្ញុំ នឹងមិន​ឈរឈ្មោះ​ប្រជែង​តំណែង​នេះ​ទេ ខ្ញុំ​បាន​ប្រាប់​ទៅ អ៊ី​ន​ដេ​យ៍ ថា កុំ​ឈរឈ្មោះ​បោះឆ្នោត​អី ខ្ញុំ​អាណិត​កូនស្រី​ខ្ញុំ ខ្ញុំ​ដឹងថា​នាង នឹងត្រូវ​ជួបនឹង​ក្ដី​ទុក្ខលំបាក ដូចគ្នា​នឹង​អ្វីដែល​ខ្ញុំ​កំពុង​ជួប​នេះដែរ​មិន​ខាន” លោក​ឌូ​ទើ​តេ បាន​ថ្លែង​បែបនេះ ក្នុងអំឡុងពេល​បើក​គ​ម្រោ​ង​ផ្លូវជាតិ ១ខ្សែ ដោយបាន​ហៅ​ឈ្មោះ អ៊ី​ន​ដេ​យ៍ គឺជា​ឈ្មោះ​ហៅ​ក្រៅ​របស់ សា​រ៉ា កូនស្រី​របស់លោក។

“វា​មិនមែនជា​ការងារ​សម្រាប់​មនុស្ស​ស្រី​ទេ ទាំងអស់គ្នា​ក៏​ដឹង​ដែរ មនុស្ស​ស្រី​ត្រូវបាន​សាង​ឡើងមក មាន​អារម្មណ៍ និង​ការយល់ឃើញ ខុសគ្នា​ពី​មនុស្ស​ប្រុស​យ៉ាង​ស្រឡះ ហើយ​ដល់​អ៊ីចឹង អ្នកនឹង​ក្លាយជា​មនុស្ស​ល្ងង់ ដូច្នេះហើយ ទើប​វា​ជា​រឿង​មួយ​ដ៏​គួរឱ្យ​សោកសៅ​ខ្លាំងណាស់”

កន្លងមក ប្រទេស​ហ្វ៊ី​លី​ពី​ន ធ្លាប់មាន​ប្រធានាធិបតី​ជា​ស្ត្រី ដល់​ទៅ ២នាក់ គឺ​លោកស្រី ក្លូ​រៀ ម៉ា​ខា​ប៉ា​កាល់ អា​រ៉ូ​យ៉ូ ពី​ឆ្នាំ២០០១ ដល់២០១០ និង​កូ​រ៉ា​ហ្សូ​ន អាគី​ណូ តាំងពី​ឆ្នាំ១៩៨៦ ដល់១៩៩២ ។

លោក​ឌូ​ទើ​តេ វ័យ ៧២ឆ្នាំ ល្បីល្បាញ​ក្នុង​រឿង​ដែល​លោក​តែងតែ​បង្ហាញ​ការយល់ឃើញ ដែល​ត្រូវបាន​មើលឃើញថា គួរឱ្យ​ស្អប់ខ្ពើម រើសអើង​ភេទ និង​ស្អប់​មនុស្ស​ស្រី តែ​ខុទ្ទកាល័យ​របស់លោក តែង​ខំព្យាយាម​ដោះសា​ជំនួស​ថា ការយល់ឃើញផ្សេងៗទាំងនោះ គ្រាន់តែ​ការនិយាយ​កំប្លែង គ្មាន​ពិសពុល​អ្វី​ទាំងអស់ ហើយ​លោក​ឌូ​ទើ​តេ នៅតែ​បានទទួល​ការនិយម​ចូលចិត្ត​យ៉ាងខ្ពស់ នៅក្នុង​សហគមន៍​ស្ត្រី​មាន​សិទ្ធិ​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​ដដែល។

ចំណែក​លោកស្រី សា​រ៉ា ឌូ​ទើ​តេ-ខា​ពី​អូ កូនស្រី វ័៏​យ ៤២ឆ្នាំ ដែល​បាន​បន្ត​តំណែង​ជា​អភិបាលក្រុង​ដា​វ៉ៅ បន្ទាប់ពី​រូបលោក កំពុងមាន​ពិន្ទុ​ការនិយម​ចូលចិត្ត ស្ថិតក្នុង​លំដាប់មុខៗគេ ក្នុង​ការធ្វើប្រជាមតិ​មួយ​កាលពីពេលថ្មីៗ ដែល​បាន​សួរនាំ​ប្រជាជន​ថា តើ​ពួកគេ​ចង់​ជ្រើស​រើសយក​អ្នកណា ក្នុងចំណោម​បញ្ជី​ឈ្មោះ បណ្ដា​អនាគត​បេក្ខជន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០២២ ។

ប្រធានាធិបតី​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន បានទទួល​ការអនុញ្ញាតឱ្យ​គ្រង​តំណែង​ត្រឹមតែ ១អាណត្តិ​គត់ រយៈពេល ៦ឆ្នាំ ដោយឡែក​លោកស្រី អា​រ៉ូ​យ៉ូ បាន​អង្គុយ​កៅអី​មេដឹកនាំ យូរ​ជាងគេ(៩ឆ្នាំ) ព្រោះ​លោកស្រី​បាន​ចូល​ទទួល​តំណែង​នេះ ជំនួស​ប្រធានាធិបតី​ម្នាក់​ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង។

ការយល់ឃើញ​របស់លោក​ឌូ​ទើ​តេ ត្រូវបាន​ឆ្លើយតប​ពី​ក្រុម​សិទ្ធិ​ស្ត្រីផ្សេងៗ ដែល​ក្នុងនោះ​រួមទាំង​លោកស្រី គ្រិ​ស្ទី​ណា ផា​ឡា​លេ​យ៍ មកពី​ក្រុម​សិទ្ធិមនុស្ស​ខា​រ៉ា​ប៉ា​តាន់ ដែល​បាន​ប្រាប់ថា ស្ត្រី មាន​សមត្ថភាព​បំពេញ​តួនាទី​មួយណា​ក៏បាន ដូច​តែ​បុរស​ដែរ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព