១​សតវត្សរ៍​មុន…តើ​ភ្នំ​បូកគោ​មាន​ប្រវត្តិ​យ៉ាងណាខ្លះ?

ភ្នំពេញៈ ក្រសួងទេសចរណ៍ នៅថ្ងៃនេះ បាន​លើកយក​ប្រ​វិ​ត្តិ “ភ្នំ​បូកគោ” ដែលជា​រមណីយដ្ឋាន​ដ៏​ពិសិដ្ឋ​មួយ​នៅ​កម្ពុជា ដើ​ម្ប​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ស្វែងយល់​បន្ថែម។

ក្រសួងទេសចរណ៍​បាន​រៀបរាប់ថា ស្ថិតក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​របស់​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ទទួលបាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ទាំង​ក្នុង​វិស័យ​ទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជា​ប្រវត្តិសាស្ត្រ​ជាដើម ខណៈ​រមណីយដ្ឋាន​ដ៏​ពិសិដ្ឋ​មួយ​នេះ គឺ​ជាទី​ទស្សនា​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​មក​ច្រើន​ជា​ហូរហែ (មុនពេល​មាន​កូ​វីដ)។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» នេះ​ទៀតសោត ក៏បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​តែមួយគត់​នៅ​ប្រទេស​កម្ពុជា។ ក៏មានដែរ​នូវ​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយចំនួន តាំងពី​សម័យ​អាណានិគមនិយម​បារាំង ដែល​បាន​បន្សល់ទុក​ក្នុង​អតីត​ព្រះរាជ​ឧទ្យាន​មួយ​នេះ។

ឯកសារ​ខ្លះ​បាន​បញ្ជាក់ថា ភ្នំ​បូកគោ ត្រូវបាន​អ្នកស្រាវជ្រាវ​ខ្មែរ-បារាំង ដឹកនាំ​ដោយ​លោក រូ​លួស (ជនជាតិ​បារាំង) ឡើង​ទៅដល់​កំពូលភ្នំ នៅ​អំលុង​គ្រិស្ដសករាជ ១៩១៧ ដោយ​ពួកគេ​បាន​រកឃើញ​ទីតាំងពិសេសៗជាច្រើន អមដោយ​បរិ​យាស​កាស​អំណោយផល​ចំពោះ​សុខភាព ក្រោម​សម្ពាធ​បរិយាកាស​ត្រជាក់​ស្រស់ស្រាយ។ ក្រោយពី​រកឃើញ​ទីតាំង​ដ៏​សែន​រមណីយ​មួយ​នេះហើយ រាជការ​ខ្មែរ​បាន​សហការ​ជាមួយ​រដ្ឋការ​អាណានិគម​បារាំង រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ទៅជា​រមណីយដ្ឋាន​ដ៏​ពិសេស​មួយ នៅ​អំលុង​គ្រិស្ដសករាជ ១៩២២ ។ ពួកគេ​ក៏បាន​កសាង​ព្រះវិហារ​កាតូលិក ឬ Church (ឆឺ​ច) នៅ​អំឡុង​គ្រិស្ដសករាជ ១៩២៨ ដែលជា​វិហារ​គ្រិស្ដសាសនា​ដ៏​កម្រ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។

ដោយសារ​កត្តា​ធម្មជាតិ និង​អាកា​ធាតុ​អំណោយផល​ដ៏​ពិសិដ្ឋ​ផង​នោះ សូម្បីតែ​ព្រះករុណា ព្រះបាទ​សម្ដេច ស៉ី​សុវត្ថិ មុនី​វង្ស ក៏​ព្រះអង្គ​គាប់​ព្រះរាជហឫទ័យ​ជាខ្លាំង​ចំពោះ​រមណីយ​ភាព​នៅលើ​ភ្នំ​បូកគោ​នេះដែរ ដោយ​ព្រះអង្គ​បាន​កសាង​ព្រះរាជដំណាក់​ជាច្រើន​កន្លែង​នៅលើ​ភ្នំ​បូកគោ​នេះ។ ក្នុង​គ្រិស្ដសករាជ ១៩២៤ ហ្លួង​ព្រះករុណា ព្រះបាទ​ស៉ី​សុវត្ថិ មុនី​វង្ស បានចេញ​ព្រះរាជឱង្កា​ឱ្យគេ​សាងសង់​វត្ត និង​ព្រះវិហារ​ព្រះពុទ្ធសាសនា​មួយ ដោយ​ក្រោយមក​បានជា​ប់​ឈ្មោះថា «វត្ត​សំពៅ​ប្រាំ» ។ ប្រវត្តិសាស្ត្រ​បានសរសេរថា ព្រះបាទ​ស៉ី​សុវត្ថិ មុនី​វង្ស «ព្រះ​ខត្តិយ​កោដ្ឋ» បាន​យាង​សោយ​ទិវង្គត ក្នុង​ព្រះរាជដំណាក​លើ​ភ្នំ​បូកគោ​នេះ នា​ចុង​គ្រិស្ដសករាជ ១៩៤១ ។

ទំនង​ដោយសារ​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ស៉ី​សុវត្ថិ មុនី​វង្ស ដូច្នេះហើយ ទើប​រាជការ​ខ្មែរ​នា​សម័យ​អាណានិគម​បារាំង​បាន​ប្រសិទ្ធ​នាម​ទីនោះ​ថា «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស-បូកគោ» ជា​ដរាប​រៀងមក។

ភ្ញៀវទេសចរ​នៅតែ​ពេញនិយម​ទៅ​ទស្សនា និង​សម្រាកលម្ហែ​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ​រហូតដល់​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​រហូតដល់​ទសវត្ស​រ៍​ទី ៦០ រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ​ត្រូវបាន​បោះបង់ចោល​ដល់​ទៅ ២ លើក​ឯណោះ ក្នុងនោះ​លើក​ទី១ នៅ​ឆ្នាំ១៩៤០ និង​លើក​ទី២ នៅ​ឆ្នាំ១៩៧២ ។ នៅ​ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចយក​ទីតាំង​រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ បង្កើតជា​ឧទ្យាន​ជាតិ​មួយ​ឡើង​មានឈ្មោះ​ផ្លូវការ​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ។ យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» បានកំណត់​យក​ផ្ទៃដី​នៃ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​នេះ​ត្រឹមតែ ១៤០,០០០ ហិកតា​ប៉ុណ្ណោះ ដោយបាន​ទុក​តំបន់ទ្រនាប់​ជាច្រើន​អន្លើ​ទៀត សម្រាប់​ប្រជាជន​រស់នៅ​ជុំវិញ​ទីនោះ​ប្រមូល​អនុផល​ធម្មជាតិ និង​ប្រកប​របរ​កសិកម្ម នេសាទ​ជាដើម។

ចាប់ពី​បង្កើតជា​ឧទ្យាន​ជាតិ​នោះមក នៅលើ​បរិវេណ​ភ្នំ​បូកគោ​មាននៅ​សេសសល់​សំណង់​ចម្រុះ​រចនាប័ទ្ម​បារាំង-ខ្មែរ​ជាច្រើន ដែល​បន្សល់ទុក​កាលពី​សម័យ​អាណានិគម​បារាំង។ ចំពោះ​វិហារ​កាតូលិក​ដែល​ត្រូវបាន​កសាងឡើង​នៅ​គ្រិស្ដសករាជ ១៩២៨ នោះ ត្រូវបាន​ក្រសួងបរិស្ថាន​បានប្រគល់​ឱ្យ​សមាគម​គ្រិស្តបរិស័ទ​រៀបចំ​ជួសជុល​ឡើងវិញ នៅ​ឆ្នាំ២០១៧ ។ រីឯ​ព្រះរាជដំណាក់​ព្រះបាទ ស៉ី​សុវត្ថិ មុនី​វង្ស ក៏​ត្រូវបាន​ក្រុមហ៊ុន Sokha Hotel ជួសជុល​កែលម្អ​ជា​សណ្ឋាគារ​ផ្កាយ ៥ តាម​លំនាំ​ដើម​វិញ​ផងដែរ។ នៅ​ឆ្នាំ២០១០ គេ​បាន​កសាង​រូបសំណាក «លោកយាយ​ម៉ៅ» ដ៏​ធំ​មួយ មាន​កម្ពស់ ២៩ ម៉ែត្រ ដែលជា​រូបសំណាក​ខ្ពស់​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា។

ក្រៅពី​សំណង់​សាសនា និង​សម្បត្តិ​បេតិកភណ្ឌ​ទាំងនេះ ភ្នំ​បូកគោ​ក៏​នៅមាន​ទស្សនីយភាព​ធម្មជាតិ​ជាច្រើន​ទៀត ដូចជា ទឹកជ្រោះ​ពពក​វិល បឹង​ទឹកសាប វាលស្រែ​មួយរយ វាលស្រែ​ប្រាំ​រយ វាល​ផ្កា​បំពង់​ក្រ​ឡោម ដែល​ឃើញ​មាន​ដុះ​តែ​នៅ​តំបន់​ឧទ្យាន​ជាតិ​នេះ​តែមួយគត់។ ពិសេស​លើសពីនេះ​ទៀត ពពួកសត្វ​ព្រៃ និង​ពពួក​បក្សី​ជាច្រើន​ប្រភេទ ក៏មាន​វត្ត​មាននៅ​តំបន់​នេះដែរ ដូចជា ពពួក​ពានរ ទោច ឈ្លួ​ស ទន្សោង ស្ទាំង កងកេង​ធំ កងកេង​តូច​ជាដើម។

លោក​បណ្ឌិត​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​មានប្រសាសន៍ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» បាន​ក្លាយជា​មេដែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​នៅក្នុង «ប៉ូល​ទេសចរណ៍​តំបន់ឆ្នេរ» ផងដែរ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» មាន​ចម្ងាយ​ប្រមាណ ៤៦ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត។ ឧទ្យាន​នេះ​មាន​រយៈកម្ពស់​ចន្លោះ​ពី ៧៥០ ដល់ ១,០៧៥ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ៕