ខេត្តស្វាយរៀង ជាខេត្តទី៨ របស់កម្ពុជា ដែលអស់គ្រាប់មីន

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាប្រកាសខេត្តស្វាយរៀង ដែលជាខេត្តទី៨ របស់កម្ពុជា ជាខេត្តអស់គ្រាប់មីន។

លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន
លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីប្រតិភូអមគដំណើរ លោក លោកស្រីអភិបាលស្រុកក្រុងទាំង៨ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ មន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

តាមរបាយការណ៍របស់ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣,៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧.១៨៤៣គ្រាប់។

ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន នៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនចុងក្រោយ និងប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ចម្ការមីន ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១,០២៣គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទោះបីជាខេត្តស្វាយរៀង បានប្រកាសថាអស់មីន និងក្លាយជាខេត្តទី៨ នៅទូទាំងប្រទេស យ៉ាងណាក៏ដោយលោកស្រីបានអំពាវនាវដល់ប្អូនៗ ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖

លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន

*១៖ បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត។

*២៖ ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់

*៣៖ កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕