ថ្នាក់ដឹកនាំ​ខេត្តរតនគិរី​អញ្ជើញ​ដាំ​កូនឈើ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ស្ថិតនៅ​ក្រុង​បានលុង

ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី​បាន​នាំ​យកកូន​ឈើ​ចំនួន ១៥០០ ដើម ដើម្បី​យក​មក​ដាំ​ក្នុង​បរិវេណ​ព្រលា​នយន្​ត​ហោះ​ចាស់ និង​ជុំវិញ​ផ្សារ ស្ថិតនៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្តរតនគិរី​។ ទិវា​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ណាប់ ប៊ុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ញ៉ែម សំ​អឿន អភិបាលខេត្ត និង​លោកជំទាវ នឹងក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរងខេត្ត អភិបាលក្រុង ស្រុក​ទាំង៩ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព និង​យុវ​ជនស.ស.យ.ក កាយរឹទ្ធិ សិស្សានុសិស្ស ជាច្រើន​កុះករ​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​ប្រកបដោយ​គុណប្រយោជន៍​ឯកឧត្តម ញ៉ែម សំ​អឿន អភិបាលខេត្ត​រតនគិរី​បាន​លើកឡើង​ថា​ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណី​ជាតិនេះ គឺជា​ការអនុវត្ត​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​នៅក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ ជាពិសេស​ក្នុង​គោលដៅ​គាំទ្រ​ដល់​សកម្មភាព​ថែរក្សា​ការពារ​ព្រៃឈើ សត្វព្រៃ និង​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​ឡើងវិញ​ពីព្រោះ​ថា“ព្រៃឈើ​មានតម្លៃ​ជា​ពហុ​ប្រយោជន៍​ទាំង​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​សង្គម ហើយ​ព្រៃឈើ​ក៏​មានតម្លៃ​យ៉ាង​ធំ​សម្រាប់​មនុស្សជាតិ ជា​សរសៃឈាម​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ ជា​អាយុជីវិត​របស់​ប្រជាកសិករ និង​ជា​ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​។ ដូច្នេះ​យើង ត្រូវតែ​រួមគ្នា​ថែរក្សា ការពារ​ព្រៃឈើ និង​សត្វព្រៃ និង​ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា និង​គ្រប់​ទីកន្លែង​។

ឯកឧត្តម​បាន​បន្ត​ថា ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា ក្នុងថ្ងៃនេះ នៅកន្លែង​នេះ និង​នៅកន្លែង​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​មាន​អត្ថន័យ​និង​សារៈសំខាន់​ដ៏​ជ្រាលជ្រៅ​បំផុត​សម្រាប់​បំផុស ស្មារតី​ប្រជាពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ឲ្យ​ចូលរួម​ដាំដុះ​ព្រៃឈើ និង​ថែរក្សា​ការពារ​ព្រៃឈើ សត្វព្រៃ​ឲ្យបាន​គង់វង្ស ហើយ​លើស​ពីនេះ​អភិវឌ្ឍន៍​ធនធាន​ទាំងនេះ កាន់តែ​សំបូរ​ឡើង​ថែមទៀត សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​យើង​។ យើង​ទាំងអស់គ្នា​ចូលរួម​យ៉ាងច្រើន​កុះករ និង​ក្លៀវក្លា​ក្នុង​ការ​ដាំ​ដើមឈើ​នា​ពេលនេះ គឺជា​ការ​បន្ត​នូវ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ដែល​មាន​តាំងពី​យូរលង់​មក​ហើយ ដើម្បី​អភិវឌ្ឍន៍ និង​ថែរក្សា​ព្រៃឈើ ដែល​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​ជាតិ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​កូនឈើ​ដែល​បាន​យក​មក​ដាំ​នៅ​បរិ​វេ​នព្រ​លាន​យន្តហោះ និង​នៅ​ជុំវិញ​ផ្សារ​នា​ព្រឹក​នេះ​ជា​ប្រភេទ​កូនឈើ​ចម្រុះ​ជាង១៥០០ដើម រួមមាន​កូនឈើ​គ្រញូង នាងនួន បេង ធ្នង់ អង្កាញ់ គគីរ កកោះ ឈើទាល ក្ងោក សាគូ​រ៉ា និង​កូន​អំពិលទឹក​បារាំង​ផង​ដែរ ៕