ប្រទេសអឺរ៉ុបខាងកើត រកមធ្យោយបាយជួយអ៊ុយក្រែន រក្សាថាមពលអគ្គិសនី

(វីលនីញូស)៖ ឧបករណ៍បំលែងអគ្គិសនីដ៏ធំ សាងសង់ក្នុងឆ្នាំ១៩៨០ របស់ប្រទេសលីទុយអានី ហើយត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនថាមពលអគ្គិសនីទៅអ៊ុយក្រែនសព្វថ្ងៃ ត្រូវបានរៀបចំសម្រាប់ការដឹកជញ្ជូនតាមសមុទ្រទៅ ប្រទេសរូម៉ានី ហើយទៅដល់អ៊ុយក្រែនវិញនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

លោក រ៉ូកាស់ ម៉ាស៊ូលីស (Rokas Masiulis) ប្រធានបណ្តាញអគ្គិសនីរបស់ប្រទេសលីទុយអានី បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកអ្វីផ្សេងទៀតដែលអ៊ុយក្រែនត្រូវការ ដើម្បីជួសជុលការខូចខាតប្រព័ន្ធអគ្គិសនីរបស់ខ្លួន ដែលរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីម្តងហើយម្តងទៀត។

លោក ម៉ាស៊ូលីស បានគូសបញ្ជាក់ថា «អ៊ុយក្រែនរីករាយក្នុងការទទួលបានសម្ភារ បរិក្ខាទាំងអស់ រួមទាំងរបស់ដែលមិនដំណើរការ ឬខូច ដោយសារពួកគេអាចជួសជុលឧបករណ៍ ដោយខ្លួនឯងបាន។ យើងកំពុងដំណើរការដំឡើងឧបករណ៍ថាមពលរបស់យើង ហើយអ្វីគ្រប់យ៉ាងដែលយើងដកចេញយើងបញ្ជូនទៅអ៊ុយក្រែន»។

លោក ម៉ាស៊ូលីស បន្ថែមថា ឡេតូនី ដែលជាប្រទេសជិតខាងភាគខាងជើងរបស់លីទុយអានី និងធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត បានប្រកាសថា ខ្លួនកំពុងបញ្ជូនម៉ាស៊ីនបំលែងថាមពលចំនួន៥ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះ ២គ្រឿង នឹងទៅដល់ក្នុងពេលឆាប់ៗនេះ។ ស្របពេលដែលលោកខាងលិចប្រញាប់ប្រញាល់ ដើម្បីបំពេញស្តុកអាវុធ និងគ្រាប់រំសេវរបស់ទីក្រុងកៀវ នោះ ប្រទេសនានានៅអឺរ៉ុប និងដៃគូរផ្សេងទៀត ក៏កំពុងស្វះស្វែងផ្គត់ផ្គង់ម៉ាស៊ីនបំលែងថាមពលអគ្គិសនី កុងតាក់ និងខ្សែ ព្រមទាំងម៉ាស៊ីនម៉ាស៊ូតដែលត្រូវការសម្រាប់បំភ្លឺ និងកំដៅ ក្នុងរដូវរងារនេះ៕

Next Article