ឧស្សាហកម្មអាវុធរបស់សហរដ្ឋអាមេរិក កាក់កបខ្លាំង អំឡុងសង្រ្គាមអ៊ុយក្រែន

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការលក់បរិក្ខាយោធារបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេស បានការកើនឡើង៤៩% ក្នុងទំហំទឹកប្រាក់ ២០៥.៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។

ការលក់ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២២កន្លងទៅ រួមមាន យន្តហោះចម្បាំង F-15ID តម្លៃ ១៣.៩ពាន់លានដុល្លារទៅកាន់ប្រទេសឥណ្ឌូណេស៊ី នាវាផ្ទុកយន្តហោះចម្បាំង Multi-Mission Surface Combatant មានតម្លៃ ៦.៩ពាន់លានដុល្លារទៅកាន់ប្រទេសក្រិក និងរថក្រោះ M1A2 Abrams តម្លៃ ៦ពាន់លានដុល្លារទៅកាន់ប្រទេសប៉ូឡូញ។

ក្រុមហ៊ុន General Dynamics Corp ជាអ្នកផលិតរថក្រោះ Abrams ក្រុមហ៊ុន Boeing ផលិតយន្តហោះ F-15 និងក្រុមហ៊ុន Lockheed Martin Corp ផលិតនាវាផ្ទុកយន្តហោះចម្បាំង។ បើតាមក្រសួងការបរទេសអាមេរិក ការលក់បរិក្ខាយោធាដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនអាមេរិក បានកើនឡើង៤៨.៦% ខណៈការលក់ដែលរៀបចំតាមរយៈរដ្ឋាភិបាលបានកើនឡើង៤៩.១% នៅក្នុងឆ្នាំ២០២២។

ដើម្បីឲ្យបរទេសអាចទិញអាវុធពីសហរដ្ឋអាមេរិកបាន គឺមានវិធីចម្បង២ នោះគឺការចរចាដោយផ្ទាល់រវាងរដ្ឋាភិបាលបរទេសជាមួយក្រុមហ៊ុនអាមេរិក ឬការចរចាតាមរយៈមន្រ្តីទូតអាមេរិកប្រចាំនៅប្រទេសទាំងនោះ ប៉ុន្តែទាមទារឲ្យមានការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិក៕

Previous Article
Next Article