រាជរដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ប្រជាជន​ក្រីក្រ​ជិត៥០ម៉ឺន​គ្រួសារ ស្មើនឹង១លាន៣សែន​ហិកតា

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានផ្តល់​សម្បទាន​ដី​សង្គមកិច្ច​រហូតមក​ដល់​បច្ចុប្បន្ននេះ សរុប​ទំហំ ១លាន៣សែន​ហិកតា ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជិត ៥០ម៉ឺន​គ្រួសារ និង​សាង​សង់ផ្ទះ​ចំនួន​ជិត៨ពាន់​ខ្នង ដើម្បី​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ។

ថ្លែង​ក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ផ្សព្វផ្សាយ​ការ ចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដំណាក់កាល​ទី ៣ (LASED III) នា​ព្រឹក​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា គិតពី​ពេល​ចាប់ផ្តើម​រហូតដល់​ដំណាច់​ខែឧសភា ឆ្នាំ២០២១នេះ កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​គ្រប់​ប្រភេទ​របស់​រាជរដ្ឋាភិបាល សម្រេច​ផ្តល់​ដី​សរុប​ទំហំ ១,៣ លាន ហិកតា ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​សរុប​ជិត ៥០ម៉ឺន​គ្រួសារ និង សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន៧ ៧៦៤ខ្នង ។ សម្បទា​និក​ចូលទៅ​ស្នាក់​នៅបាន​ចំនួន ៦៣១១ ខ្នង ស្មើនឹង ៨១,២៣ភាគរយ ។

ឯកឧត្តម​បាន​បញ្ជាក់ថា កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​នេះ ដោយ​អនុវត្ត​តាមរយ:កម្មវិធី​ចំនួន៤ គឺ ១-កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​ទី២-កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ ទី៣-កម្មវិធី​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន និង​ទី៤-គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច (គម្រោង LASED) ក្រោម​ការគាំទ្រ​ពី​ធនាគារពិភពលោក។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ថា ក្នុងចំណោម​ការងារសំខាន់ៗស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ការងារ​សម្បទាន​ដី​សង្គមកិច្ច គឺជា​ការងារ​ស្នូល​មួយ ដែល​រាជ រដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​ធានា​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។ក្នុងនោះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាននិងកំពុង​បំពេញបេសកកម្ម​ក្នុង​សមត្ថកិច្ច​របស់ខ្លួន ចូលរួម ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​ខាងលើ​ក្នុង​វិស័យ​ដីធ្លី រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​លំនៅឋាន​ដែលជា​វិស័យ​ដ៏​សំខាន់ និង​ជា​សរសៃឈាម​ក្នុងការ​លើកកម្ពស់ ភាពសុខដុមរមនា នៅក្នុង​សង្គម-សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ជំរុញ​ធុរកិច្ច និង​ទ្រទ្រង់​សេដ្ឋកិច្ច និង ជា​វិស័យ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​ស្ថិតនៅក្នុង​អត្រា​ទាប​ជាង ១០ភាគរយ និង​ការពារ​មិនឱ្យ​ភាពក្រីក្រ​វិលត្រឡប់​មក​វិញ ដោយ​ផ្តោតលើ​ការលើកកម្ពស់ ការចូលរួម​ក្នុង​យន្តការ​ទីផ្សារ ការអនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម ការកាត់បន្ថយ​បន្ទុក​ជីវភាព​រស់នៅ ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​គុណភាព និង​ការកាត់បន្ថយ​កម្លា​ត​សង្គម​ផងដែរ៕

#អរគុណសន្តិភាព