រុស្សី​តាម​ដេញ​បាញ់​និង​ទំលាក់​គ្រាប់បែក​ទៅលើ​នាវាចម្បាំង​អង់គ្លេស​ក្បែរ​ឆ្នេរសមុទ្រ​ខ្មៅ

បរទេស៖ប្រទេស​រុស្សី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​និយាយថា​ខ្លួន​បាន​បើក​ការបាញ់ប្រហារ​ព្រមទាំង​ទំលាក់​គ្រាប់បែក​ជាច្រើន​ផង​ទៅលើ​នាវាចម្បាំង​មួយគ្រឿង​របស់​ប្រទេស​អង់គ្លេស​ដើម្បី​ដេញ​វា​ឲ្យ​ចេញពី​ដែនសមុទ្រ​ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន។

រុស្សី​បាន​បន្តថា​នាវាចម្បាំង​របស់​អង់គ្លេស​បានធ្វើ​ដំណើរ​ចូលដល់​ឆ្នេរសមុទ្រ​ខ្មៅ​របស់​តំបន់ Crimea ខណៈដែល​អង់គ្លេស​វិញ​បាន​បដិសេធ​ចំពោះ​ហេតុការណ៍​នេះ​ដោយ​ឆ្លើយតប​ថា​ការបាញ់ប្រហារ​ទាំងនោះ​គឺ​គ្រាន់តែ​ជាការ​បាញ់​គ្រាប់កាំភ្លើង​របស់​រុស្សី​នៅមុន​ការធ្វើ​សមយុទ្ធ​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយក៏​មិន​មានការ​ទំលាក់​គ្រាប់បែក​អ្វី​នោះដែរ។

ទោះបីជា​យ៉ាងណាក្តី​រដ្ឋាភិបាល​ក្រុង​ឡុង​បាន​បញ្ជាក់ដែរថា​នាវាចម្បាំង​របស់ខ្លួន HMS Defender ពិតជា​បានធ្វើ​ដំណើរ​ទៅ​ក្បែរ​ដែនទឹក​នោះ​មែន​ប៉ុន្តែ​ជឿជាក់ថា​វា​គឺជា​ដែនទឹក​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ដែល​វា​ស្របទៅតាម​ច្បាប់រ​បស់​អន្តរជាតិ។

អ្នកជំនាញ​យោធា​ជាច្រើន​បាន​និយាយថា​បើទោះបីជា​នេះ​ជាហេតុ​ការណ៍​ពិត​ឬ​មិន​ពិត​ក្តី​ប៉ុន្តែ​វា​បានបង្ហាញ​ថា​ជា​ស្ថានភាព​ប្រឈមមុខគ្នា​ដែល​កំពុងមាន​ការកើនឡើង​រវាង​លោកខាងលិច​និង​ប្រទេស​រុស្សី​ផងដែរ៕

#អរគុណសន្តិភាព